(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ព្រះរាជពិធីថ្វាយព្រះភ្លើង ដល់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) នឹងចាប់ផ្ដើម នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃនេះ ខណៈការថ្វាយព្រះភ្លើងតែម្តង នឹងធ្វើឡើងនៅម៉ោង ១០៖០០នាទីយប់នេះ៕
២៖ យោងតាមរបាយការណ៍មួយចេញផ្សាយនាពេលថ្មីៗស្តីពីវត្ថុអាថ៌កំបាំងនៅក្នុងចក្រវាឡ អាចម៍ផ្កាយដ៏ធំមួយដុំឈ្មោះ 1995 SN55 ដែលត្រូវបានក្រុមតារាវិទូប្រទះឃើញ នៅរសាត់អណ្តែតក្នុងលំហអវកាស ជាលើកដំបូងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៥នោះ បានបាត់ស្រមោលសូន្យឈឹងទៅវិញតែម្តង នៅក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពីការរកឃើញវត្តមានរបស់វា រហូតមកទល់ពេលនេះ៕
៣៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក ហេដឺ អាល់ អាបាឌី (Haider al-Abadi) បានបញ្ជាក់ច្បាស់ៗថា លោកចង់ឲ្យលទ្ធផលនៃការបោះឆ្នោតប្រជាមតិរបស់តំបន់ឃើដ ត្រូវចាត់ទុកជាមោឃៈ ពុំមែនគ្រាន់តែផ្អាកនោះទេ៕
៤៖ ក្រុមអ្នកជំនាញភ្នំភ្លើងកំពុងស្ថិតនៅលើកោះ ឡា ផាល់ម៉ា (La Palma) នៃតំបន់ដែនកោះ ខាណារី (Canary) ប្រទេសអេស្ប៉ាញ ដើម្បីតាមដាន និងចង់ដឹងថាតើភ្នំភ្លើង គូមប្រេ វាចា (Cumbre Vieja) នឹងផ្ទុះឡើងដែរ ឬយ៉ាងណា បន្ទាប់ពីមានការរញ្ជួយដី ៤០លើក ក្នុងរយៈពេល ១៥ម៉ោង កាលពីចុងសប្ដាហ៍កន្លងទៅ៕
៥៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីកំពុងតែធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីប្រទេសកូរ៉េខាងជើង ស្របពេលដែលចិនបាន និងកំពុងជួយសម្រេចគោលដៅនេះ៕
៦៖ ហេតុការណ៍ផ្ទុះរថយន្តដ៏កក្រើកមួយ នៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន បានផ្តាច់ជីវិតអង្គរក្សម្នាក់ និងបានបណ្តាលឲ្យមនុស្ស ០៣នាក់ ផ្សេងទៀតរួមមានទាំងសមាជិកសភា លោក អ៊ីហ័រ ម៉ូស៊ីយជុក (Ihor Mosiychuk) ទទួលរងរបួស៕