(បាងកក)៖ ព្រះរាជពិធីថ្វាយព្រះភ្លើង ដល់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) នឹងចាប់ផ្ដើម នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃនេះ ខណៈការថ្វាយព្រះភ្លើងតែម្តង នឹងធ្វើឡើងនៅម៉ោង ១០៖០០នាទីយប់នេះ នៅក្រោមសម្រែកទួញយំ ដោយក្តីអាលោះអាឡៃបំផុត ពីសំណាក់ប្រជាជនថៃ និងវត្តមានចូលរួមពីសំណាក់ក្រុមគ្រួសារញាតិវង្ស និងមេដឹកនាំអន្តរជាតិមកពីប្រទេសចំនួន ៤០។ ពិធីថ្វាយព្រះភ្លើងដល់ព្រះសពទ្រង់ Bhumibol Adulyadej មានរយៈពេល ០៥ថ្ងៃ ដោយផ្ដើមកាលពីថ្ងៃពុធ បន្ទាប់ពីព្រះអង្គបានចូលទិវង្គតក្នុងព្រះជន្ម ៨៩វស្សា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
យោងតាមក្រុមមន្ត្រីទទួលបន្ទុកពិធីបុណ្យ ប្រជាជនថៃប្រមាណជា ១១០,០០០នាក់ បានប្រមូលផ្ដុំគ្នានៅក្បែរកន្លែងបូជា ខណៈមនុស្ស ២០០,០០០នាក់ ផ្សេងទៀត ស្ថិតនៅតាមតំបន់មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ក្នុងទីក្រុងបាងកក។ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងដែរថា ការរៀបចំសម្រាប់ពិធីថ្វាយព្រះភ្លើង អស់រយៈពេលមួយឆ្នាំពេញនេះ បានចំណាយប្រាក់អស់ជាង ៩០លានដុល្លារ (គ្រាន់តែវាលព្រះមេរុតែមួយ ត្រូវចំណាយ ៣០លានដុល្លារ) ហើយដែលនេះទំនងជាការចំណាយប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក។
ព្រមពេលជាមួយគ្នា នៅក្រោមទឹកមុខសោកសៅ ប្រជាជនថៃបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ព្រះមហាក្សត្រជាទីស្រឡាញ់របស់ពួកគេ ជាក់ស្ដែងអ្នកចូលរួមម្នាក់មកពីខេត្ត Nan ឈ្មោះ Pimsupak Suthin អាយុ ៤២ឆ្នាំ បានថ្លែងយ៉ាងខ្លីដូច្នេះថា «នេះគឺជាការលាគ្នា លើកចុងក្រោយ... ខ្ញុំពិតជាស្រឡាញ់ និងនឹកទ្រង់ជាទីបំផុត ហើយវាពិតជាពិបាកក្នុងការពិពណ៌នាពីអារម្មណ៍មួយនេះ»។
គួរបញ្ជាក់ថា ព្រះរាជបុត្រ និងជាព្រះមហាក្សត្រថៃបច្ចុប្បន្ន មហា វិច្ចិរ៉ាឡុងកន (Maha Vajiralongkorn) នឹងជាអ្នកថ្វាយព្រះភ្លើងដល់ព្រះរាជសពទ្រង់ Bhumibol Adulyadej ហើយអដ្ឋិធាតុរបស់ព្រះអង្គ នឹងត្រូវប្រមូលដាក់ក្នុងបរមកោដ្ឋ និងដង្ហែត្រឡប់យកមកតម្កល់នៅព្រះរាជវាំងវិញនៅថ្ងៃសុក្រស្អែកនេះ តែពិធីបុណ្យនឹងបន្តពីរថ្ងៃបន្ថែមទៀត៕