(ហ្សាការតា)៖ ហេតុការណ៍ផ្ទុះឆេះរោងចក្រផលិតកាំជ្រួច នៅក្នុងក្រុងតាងហ្គឺរ៉ាង (Tangerang) ក្បែររដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ីនោះ បានផ្តាច់ជីវិតមនុស្សកើនដល់ ៣០នាក់ និងរបួស ៤៦នាក់ហើយ។ នេះបើតាមការឲ្យដឹងបន្ថែមពីប៉ូលិសឥណ្ឌូណេស៊ី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
មន្រ្តីប៉ូលិសរក្សាសន្តិសុខសណ្តាប់ធ្នាប់ ប្រចាំទីក្រុង Tangerang ដែលស្ថិតនៅភាគនិរតីរដ្ឋធានីហ្សាការតា ឈ្មោះ Saduni បានប្រាប់អ្នកសារព័ត៌មានថា អ្នកដែលបានទទួលរបួសទាំងអស់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ០៣កន្លែង នៅក្បែរៗនោះ។ អាជ្ញាធររូបនេះបានបន្ថែមថា ចំនួនមនុស្សស្លាប់នាពេលនេះ គឺ ៣០នាក់ និងរបួស ៤៦នាក់។
គួរបញ្ជាក់ថា បើតាមមេបញ្ជាការប៉ូលិសក្រុង Tangerang លោក Hari Kurniawan ហេតុការណ៍ខាងលើសង្ស័យថា ត្រូវបានបង្កឡើងដោយសារតែបញ្ហាផ្នែកចរន្តអគ្គីសនី៕