(សេអ៊ូល)៖ អាជ្ញាធរពន្ធគយកូរ៉េខាងត្បូងបានឱ្យដឹងថា ការនាំចេញរថយន្ដរបស់កូរ៉េខាងត្បូងនៅត្រីមាសទី៣ ឆ្នាំ២០១៧នេះ មានការកើនឡើង ៣០.១ភាគរយ ដោយសារតែការបញ្ជាទិញពីបណ្ដាប្រទេសអឺរ៉ុប មានការកើនឡើងយ៉ាងគំហុកតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
មន្ត្រីគយកូរ៉េខាងត្បូង ផ្អែកលើទិន្នន័យចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា ការនាំចេញរថយន្ដបានកើនដល់ ៩.៤ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ កាលពីខែកក្កដា ដល់ខែកញ្ញា ឬកើនឡើង ៣០.១ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦។
ចំណែកឯចំនួនរថយន្ដត្រូវបាននាំចេញ គឺមាន ៦២០,០០០គ្រឿង កើនឡើង ២០.៩ភាគរយ ធៀបទៅនឹងឆ្នាំមុនដែរ ហើយមិនតែប៉ុណ្ណោះការនាំចេញរថយន្តទៅក្រៅប្រទេសនេះ ក៏បានកើនឡើងពីរត្រីមាសជាប់ៗគ្នាផងដែរ ដោយសារតែការកើនឡើង នៃការបញ្ជាទិញពីទីផ្សារអឺរ៉ុប។
គួរបញ្ជាក់ថា ការបញ្ជាទិញពីប្រទេសអេស្ប៉ាញ និងបារាំងមានការកើនឡើងយ៉ាងគំហុកតែម្តង ដោយក្នុងនោះ ការនាំចេញរថយន្ដរបស់កូរ៉េខាងត្បូងទៅអេស្ប៉ាញ កើនឡើង ៨១៤.៤ភាគរយ និងបារាំង ២,១១៦.៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦៕