Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ផ្ទុះរោងចក្រផលិតកាំជ្រួចនៅឥណ្ឌូណេស៊ី «ផ្តាច់ជីវិតមនុស្ស ២៧នាក់ និងបង្ករបួស ៣៥នាក់»

26-10-2017 15:19

(ហ្សាការតា)៖ មនុស្សយ៉ាងតិច ២៧នាក់ស្លាប់ និង​៣៥នាក់ផ្សេងទៀត​បានរងរបួស ក្រោយពីមានករណី​ផ្ទុះដ៏ខ្លាំង​ក្លាមួយ នៅក្នុងរោងចក្រផលិត​កាំជ្រួចមួយកន្លែង ដែលបង្កជាអគ្គិភ័យ​យ៉ាងសន្ធោសន្ធៅ នៅក្បែររដ្ឋធានីហ្សាការតា​​នៃប្រទេស​ឥណ្ឌូណេស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន SBS នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែ​តុលា ឆ្នាំ២០១៧។

បើតាមមន្រ្តីពន្លត់​អគ្គិភ័យឈ្មោះ អូនី សារ៉ូនី (Oni Sahroni) បានឲ្យដឹងថា ជនរងគ្រោះ​ដែលស្លាប់ និងរបួសជាង ៥០នាក់ ខាងលើ​​គឺសុទ្ធតែ​ជាបុគ្គលិក នៅរោងចក្រ​ផលិតកាំជ្រួច​ក្នុងទីក្រុង តាងហ្គឺរ៉ាង (Tangerang) ដែលស្ថិតនៅ​ភាគនិរតី ពីទីក្រុង​ហ្សាការតា​។ ម៉្យាងវិញទៀត គ្រោះអគ្គិភ័យ​ដ៏មហាប្រល័យ ក៏បានលេបត្របាក់​​អគាររោងចក្រទាំងមូល​ទៅជាមួយគ្នាផងដែរ។

គួរជម្រាបថា ភ្លាមបែបនេះ​គេនៅពុំទាន់ដឹងថា ហេតុអ្វីបានជា​បង្កឲ្យមានការផ្ទុះ​នៅរោងចក្រ​ខាងលើ​នៅឡើយទេ៕