(អ៊ីរ៉ាក់)៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក ហេដឺ អាល់ អាបាឌី (Haider al-Abadi) បានបញ្ជាក់ច្បាស់ៗថា លោកចង់ឲ្យឃើដលទ្ធផល នៃការបោះឆ្នោតប្រជាមតិរបស់តំបន់ឃើដ ត្រូវចាត់ទុកជាមោឃៈ ពុំមែនគ្រាន់តែផ្អាកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខនៃតំបន់ស្វយ័តឃើដក្នុងប្រទេសអ៊ីរ៉ាក់ បានអះអាងថា កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងតែបន្តបើកការវាយប្រហារលុកលុយ ទៅលើទីតាំងឈរជើងរបស់កងកម្លាំងឃើដ ផេសមឺហ្គា (Peshmerga) នៅក្បែរទីក្រុងម៉ូស៊ូល ទោះបីជាឃើដបានសម្រេចផ្អាកការទាមទារឯករាជ្យ ក្រោយការបោះឆ្នោតប្រជាមតិ កាលពីខែកញ្ញា ដើម្បីស្វែងរកឱកាសចរចាជាមួយទីក្រុងបាកដាដយ៉ាងណាក្តី។
បើតាមអាជ្ញាធរឃើដ កងទ័ពអ៊ីរ៉ាក់កំពុងផ្លោងគ្រាប់ទៅលើទីតាំង របស់កម្លាំងយោធា Peshmerga ចេញពីតំបន់ ហ្ស៊ូមម៉ា (Zummar) ភាគពាយ័ព្យនៃទីក្រុងម៉ូស៊ូល។ សកម្មភាពនេះបានចាប់ផ្តើមឡើង នៅចំពោះមុខការអំពាវនាវជាដដែលៗរបស់តំបន់ឃើដ ឲ្យទីក្រុងបាកដាដ យល់ព្រមបើកកិច្ចចរចាដោយឥតលក្ខខណ្ឌ ជាថ្នូរនឹងការបង្កកការទាមទារឯករាជ្យ ក្រោយការបោះឆ្នោតប្រជាមតិ ដែលមានប្រជាជនឃើដជាង ៩០ភាគរយ នៅក្នុងតំបន់ បានបង្ហាញការគាំទ្រចំពោះ ការផ្តាច់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់ទុកការបោះឆ្នោតប្រជាមតិកាលពីខែមុនថា ជារឿងខុសច្បាប់ ហើយមិនទាន់បានធ្វើការឆ្លើយតបចំពោះ សេចក្តីអំពាវនាវរបស់តំបន់ឃើដ សំដៅបើកកិច្ចចរចារវាងគ្នានិងគ្នានៅឡើយទេ។ ដោយឡែកកាលពីសប្តាហ៍មុន កងកម្លាំងអ៊ីរ៉ាក់ ទើបតែបានវាយដណ្តើមយកតំបន់វិវាទ Kirkuk ដែលសម្បូរទៅដោយរ៉ែប្រេងពីឃើដ ដែលជាអ្នកគ្រប់គ្រងតំបន់នេះ ចាប់តាំងពីឆ្នាំ២០១៤ ហើយប៉ុណ្ណោះ៕