(ម៉ូស្គូ)៖ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ អាចនឹងបានឃើញការធ្វើតេស្ដគ្រាប់បែកអ៊ីដ្រូសែន នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងពេលឆាប់ៗនេះ ដរាបណាពួកគេមិនព្រមបញ្ឈប់ការគំរាមប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងទេនោះ។ មន្ត្រីរូបនេះថ្លែងបែបនេះ នៅចំពេលកងនាវាអាមេរិកកំពុងបង្កើន វត្តមាននៅក្នុងតំបន់ តាមរយៈការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងជប៉ុន នៅមុនលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា រដ្ឋមន្ត្រីការបទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong-ho) ក៏ធ្លាប់បានព្រមានដែរថា ទីក្រុងព្យុងយ៉ាងនឹងបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ-អ៊ីដ្រូសែន នៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ ដោយឡែកទាក់ទិងនឹង ការព្រមាននេះដែរ ថ្លែងប្រាប់ CNN កាលពីថ្ងៃពុធ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង លោក រី យ៉ុងភីល (Ri Yong Pil) អះអាងឡើងវិញថា ការព្រមានរបស់ លោក Ri Yong-ho អាចនឹងកើនឡើងក្នុងពេលឆាប់ៗនេះ ខណៈភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងតែកើនឡើង។
លោក Ri Yong Pil បានគូសបញ្ជាក់ ដូច្នេះថា៖«លោករដ្ឋមន្ត្រីការបរទេសបានដឹងយ៉ាងច្បាស់ពីចេតនារបស់មេដឹកនាំកំពូលរបស់យើង លោក គីម ជុងអ៊ុន...ដូច្នេះខ្ញុំយល់ថាអ្នកគួរតែគិតពីសម្ដីរបស់គាត់ ព្រោះទីក្រុងព្យុងយ៉ាង មិនមែនបានតែនិយាយ គ្មានសកម្មភាពនោះទេ។ ម្យ៉ាងវិញទៀត បើអ្នកគិតថាការដាក់ទណ្ឌកម្មមកលើពួកយើងជាដំណោះស្រាយការទូត នោះអ្នកកំពុងយល់ច្រឡំធំហើយ»។
គួររំលឹកថា កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជាថ្មីថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងកូរ៉េខាងជើង។ ក៏ប៉ុន្តែអ្វីដែលគេទន្ទឹមរង់ចាំមើលនោះគឺថា តើកូរ៉េខាងជើង អាចនឹងបញ្ចេញប្រតិកម្មយ៉ាងដូចម្ដេច នៅពេលលោក ត្រាំ បំពេញដំណើរទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង នៅខែវិច្ឆិកាខាងមុខនេះ៕