(អាមេរិក)៖ យោងតាមរបាយការណ៍មួយ ចេញផ្សាយនាពេលថ្មីៗ ស្តីពីវត្ថុអាថ៌កំបាំងនៅក្នុងចក្រវាឡ អាចម៍ផ្កាយដ៏ធំមួយដុំឈ្មោះ 1995 SN55 ដែលត្រូវបានក្រុមតារាវិទូប្រទះឃើញ នៅរសាត់អណ្តែតក្នុងលំហអវកាស ជាលើកដំបូងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៥នោះ បានបាត់ស្រមោលសូន្យឈឹងទៅវិញតែម្តង នៅក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពីការរកឃើញវត្តមានរបស់វា រហូតមកទល់ពេលនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New Scientist នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
ដោយផ្អែកលើកម្រិតពន្លឺរបស់វា គេដឹងថាវាមានទំហំធំខ្លាំង គឺប្រហែលជាមានមុខកាត់ ៣០០គីឡូម៉ែត្រ ដែលប្រការនេះធ្វើឲ្យវត្ថុ 1995 SN55 ជាអាចម៍ផ្កាយដ៏មហិមាមួយ ឬអាចធំជាងគេបង្អស់ នៅក្នុងចំណោមប្រភេទវត្ថុអវកាស ដែលគេហៅថា «Centaur»។ Centaur គឺជាក្រុមដុំថ្មអវកាស ដែលមានគន្លងផ្លូវធ្វើដំណើរ នៅក្នុងតំបន់អស្ថិរភាពមួយ នៃប្រព័ន្ធព្រះអាទិត្យ ជាទីដែលពួកវាត្រូវបានទាញទៅទាញមក ដោយកម្លាំងទំនាញដ៏ខ្លាំងក្លា របស់ភពឧស្ម័នយក្សធំៗ (ព្រហស្បតិ៍ និងសៅរ៍)។
អ្នកវិទ្យាសាស្រ្តពិតជាមិនដឹងព័ត៌មានអ្វីច្រើនថែមទៀត ពាក់ព័ន្ធនឹងដុំថ្មអវកាសដែលបាត់ស្រមោលនេះឡើយ បន្ទាប់ពីវាត្រូវបានប្រទះឃើញជាលើកដំបូង ដោយតារាវិទូពីររូបឈ្មោះ Nichole Danzl និង Arianna Gleason តាមរយៈកែវយឺតនៅមន្ទីរឃ្លាំមើលអវកាស Kitt Peak ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។ នេះប្រហែលជាដោយសារតែពួកគេរកវាលែងឃើញទៀត នៅក្នុងរូបភាពតាមដានរបស់ពួកគេ បន្ទាប់ពីដាច់ខែតុលា ឆ្នាំ១៩៩៥ ហើយរហូតមកទល់ពេលនេះ ពុំដែលមាននរណាផ្សេងទៀត ប្រទះឃើញ 1995 SN55 ទៀតឡើយ។
បើតាមភាពហ្មត់ចត់នៃតារាវិទ្យាសម័យទំនើប រឿងនេះមើលទៅហាក់បីដូចជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ពីព្រោះថាវត្ថុអវកាស ដែលអាចជាវត្ថុដ៏ធំជាងគេបំផុតក្នុងចំណោមប្រភេទវា តែបែរជាយើងមិនអាចរកវាឃើញ សាជាថ្មីម្តងទៀតទៅវិញ។ ធាតុពិតជាក់ស្តែងនោះគឺថា វត្ថុនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង តែងតែបាត់ខ្លួនជាញឹកញាប់។
តួយ៉ាងកាលពីឆ្នាំ១៦១២ និងឆ្នាំ១៦១៣ តារាវិទូដ៏ល្បីលោក Galileo បានប្រទះឃើញវត្ថុម៉្យាង ដែលលោកគិតថា ជាតារាមួយដួង តែវាមិនដូចការគិតរបស់លោកនោះឡើយ ដោយវាគឺជាភពណិបទូន (Neptune) ដែលត្រូវបានរកឃើញជាផ្លូវការកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៨៤៦។ ក្រៅពីនេះ ផ្កាយដុះកន្ទុយឈ្មោះ Comet 41P/Tuttle-Giacobini-Kresak ត្រូវបានរកឃើញកាលពីឆ្នាំ១៨៥៨ ហើយបាត់ទៅវិញ ហើយរកឃើញម្តងទៀតនៅឆ្នាំ១៩០៧ ហើយក៏បាត់ទៅវិញទៀត និងទើបត្រូវបានរកឃើញ ជាលើកចុងក្រោយនៅឆ្នាំ១៩៥១។
ដោយឡែក សម្រាប់ករណី 1995 SN55 វិញ យោងតាមអ្នកស្រាវជ្រាវ Alex Parker រឿងពីរយ៉ាងអាចបានកើតឡើងចំពោះវា៖
ទី១៖ នៅក្នុងរូបភាពរបស់កែវយឺតនៅមន្ទីរឃ្លាំមើលអវកាស Kitt Peak ប្រហែលជាមានការរំខានខ្លះៗ ដែលវាបានបង្កឲ្យមានការយល់ច្រឡំពីការធ្វើដំណើររបស់វា ទើបធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តក្រោយៗទៀត តាមរកមើលវានៅខុសកន្លែង។
ទី២៖ ដុំថ្មអវកាសដ៏ធំនេះ តាមពិតប្រហែលជាគ្មានវត្តមានតែម្តង ដោយវត្ថុតូចជាងនេះ ទំនងជាបានបញ្ចេញពន្លឺឡើងខ្លាំងក្នុងរយៈពេលខ្លី ដោយសារតែវាកំពុងឆាបឆេះ ឬជិតរលាយសាបសូន្យ ឬមួយក៏វត្ថុតូចពីរបានបុកទង្គិចគ្នា ដែលជះជាពន្លឺឡើង ហើយរឿងហេតុទាំងអស់នេះ ក៏បានបញ្ឆោតឲ្យក្រុមអ្នកវិទ្យាសាស្រ្ត តាមប្រមាញ់ខ្យល់ រហូតដល់ទល់ពេលនេះ៕