(នេប៉ាល់)៖ សមាជិកក្រុមអ្នកអង្កេតការណ៍ចំនួន ១០រូប របស់សហភាពអឺរ៉ុប បានធ្វើដំណើរទៅដល់ប្រទេសនេប៉ាល់ហើយ នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីឃ្លាំមើលការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ និងសភាថ្នាក់រដ្ឋ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា និងថ្ងៃទី០៧ ខែធ្នូខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សហភាពអឺរ៉ុបបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លើយតបទៅនឹងការអញ្ជើញពីអាជ្ញាធរនេប៉ាល់ សហភាពអឺរ៉ុបបានដាក់ពង្រាយក្រុមអ្នកអង្កេតការណ៍បោះឆ្នោត (EOM) ដើម្បីឃ្លាំមើលការបោះឆ្នោត»។ ដោយឡែក បើតាមតំណាងជាន់ខ្ពស់អឺរ៉ុបសម្រាប់កិច្ចការបរទេស និងសន្តិសុខអឺរ៉ុប លោកស្រី ហ្វេឌែរីកា ម៉ូហ្គែរីនី (Federica Mogherini) បានតែងតាំងលោកស្រីអ៊ែលហ្សាណា ហ្សូវកូ (Eljana Zovko) សមាជិកសភាសហភាពអឺរ៉ុប ជាប្រធានក្រុមអ្នកអង្កេតការណ៍ ហើយមិនតែប៉ុណ្ណោះ លោកស្រី Mogherini ក៏បាននិយាយដែរថា ការបោះឆ្នោតជិតមកដល់នាពេលដ៏ខ្លី ខាងមុខនេះនឹងក្លាយជាពេលវេលាដ៏សំខាន់ សម្រាប់ប្រជាជននេប៉ាល់ និងដើម្បីបញ្ចប់ទំាងស្រុង នៃដំណើរការវិសោតធនកម្មរដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើ ក្រុមអ្នកអង្កេតការណ៍អឺរ៉ុប នឹងស្ថិតនៅក្នុងប្រទេសនេប៉ាល់ រហូតដល់ការបោះឆ្នោតបញ្ចប់ និងដើម្បីរៀបចំរាយការណ៍ចុងក្រោយស្ដីពីការ ប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ៕