(អ៊ីរ៉ាក់)៖ ក្រុមជនជាតិឃើដនៅអ៊ីរ៉ាក់បានប្រកាសថា ខ្លួនបានសម្រេចបង្កកលទ្ធផល នៃការបោះឆ្នោតប្រជាមតិ ដែលធ្វើឡើងកាលពីខែមុន ហើយអង្គុយចុះជាមួយរដ្ឋាភិបាលកណ្តាលរបស់អ៊ីរ៉ាក់ ដើម្បីចាប់ផ្តើមការចរចាគ្នា ក៏ប៉ុន្តែមកទល់ពេលនេះ ទីក្រុងបាកដាដនៅតែមិនទាន់បង្ហាញតំរុយថា យល់ព្រមនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
ការបោះឆ្នោតប្រជាមតិកាលពីខែកញ្ញាកន្លងទៅ ទទួលបានសំឡេងគាំទ្រយ៉ាងលើសលប់ ពីសំណាក់ប្រជាជនឃើដនៅអ៊ីរ៉ាក់ ប៉ុន្តែរដ្ឋាភិបាលកណ្តាលនៅក្នុងទីក្រុងបាកដាដ បានបញ្ចេញប្រតិកម្មមិនល្អប៉ុន្មាននោះឡើយ ចំពោះរឿងនេះ ខណៈបញ្ហាជម្លោះប្រដាប់អាវុធរវាងភាគីទាំងនេះ បានផ្ទុះឡើងកាលពីប៉ុន្មានសប្តាហ៍មុននេះ ដោយឃើដបានអះអាងថា ពួកគេត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារទឹកដីរបស់ពួកគេ តាមគ្រប់មធ្យោបាយទាំងអស់ ដែលចាំបាច់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលានេះ អាជ្ញាធរឃើដនៅក្នុងទីក្រុង អេប្រ៊ីល (Erbil) បានឲ្យដឹងថា ពួកគេមានចេតនាចង់ជួបចរចាគ្នា និងបានស្នើឲ្យមានបទឈប់បាញ់មួយភ្លាមៗ ហើយថានឹងបញ្ឈប់គ្រប់ប្រតិបត្តិការយោធាទាំងអស់របស់ខ្លួន នៅក្នុងតំបន់ឃើដ ដើម្បីបំពេញកាតព្វកិច្ច នៅចំពោះមុខប្រជាជនឃើដ ក៏ដូចជាប្រជាជនអ៊ីរ៉ាក់ទាំងមូល។
លោក អាលី មូសាវី (Ali Musawi) អ្នកកាសែតនៅប្រទេសអ៊ីរ៉ាក់ បានលើកឡើងថា បទឈប់បាញ់នេះ ត្រូវបានទទួលស្វាគមន៍ដោយរីករាយពីភាគីទាំងពីរពីព្រោះថា ប្រសិនបើបញ្ហាជម្លោះកាន់តែតានតឹងឡើង វានឹងឈានទៅរកលទ្ធផលដ៏អាក្រក់ ឬថែមទាំងអាចបង្កើតជាសង្រ្គាមស៊ីវិល នៅក្នុងប្រទេសអ៊ីរ៉ាក់ទៀតផង ដែលនឹងបង្កការភ័យខ្លាច ដល់មនុស្សរាល់គ្នាមិនត្រឹមតែនៅក្នុងប្រទេសឡើយ តែនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
អ្នកវិភាគឈ្មោះ កានី ហ្ស៊ូឡេម (Kani Xulam) បានគូសបញ្ជាក់ថា បញ្ហាជាមួយក្រុមឃើដនៅអ៊ីរ៉ាក់នោះគឺថា ពួកគេមានការខ្វែងគំនិតគ្នាជាមួយរដ្ឋាភិបាលទីក្រុងបាកដាដជុំវិញរឿងថា តើទឹកដីសំខាន់ៗមួយចំនួន គួរតែស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីខាងណា។ បើតាមរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ ភក្តីភាពនៃទឹកដីទាំងនោះ ត្រូវតែសម្រេចដោយការបោះឆ្នោតប្រជាមតិ ដែលជារឿងទីក្រុងបាកដាដ មិនដែលធ្លាប់ធ្វើពីមុនមកឡើយ៕