(អេស្ប៉ាញ)៖ ក្រុមអ្នកជំនាញភ្នំភ្លើងកំពុងស្ថិតនៅលើកោះ ឡា ផាល់ម៉ា (La Palma) នៃតំបន់ដែនកោះ ខាណារី (Canary) ប្រទេសអេស្ប៉ាញ ដើម្បីតាមដាន និងចង់ដឹងថាតើភ្នំភ្លើង គូមប្រេ វាចា (Cumbre Vieja) នឹងផ្ទុះឡើងដែរ ឬយ៉ាងណា បន្ទាប់ពីមានការរញ្ជួយដី ៤០លើក ក្នុងរយៈពេល ១៥ម៉ោង កាលពីចុងសប្ដាហ៍កន្លងទៅ។ ក៏ប៉ុន្តែអ្វីដែលពួកគេព្រួយបារម្ភ គឺថាបើសិនជាភ្នំភ្លើងនេះផ្ទុះពិតមែន នោះវាអាចនឹងបង្ក ជារលកយក្សស៊ូណាមិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
ភ្នំភ្លើង Cumbre Vieja បានផ្ទុះឡើងលើកចុងក្រោយកាលពីឆ្នាំ១៩៧១ ហើយភ្នំភ្លើងមួយនេះក៏ធ្លាប់បញ្ចេញសកម្មភាព នៅឆ្នាំ១៩៤៩ផងដែរ។ ប៉ុន្តែតាមរយៈការរញ្ជួយដីថ្មីៗនេះដែលមាន កំរិត ១.៥រ៉ិចទ័រ និង២.៧រ៉ិចទ័រ ក្រុមអ្នកជំនាញមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចក្រែងវាអាចនឹងបញ្ចេញសារធាតុពុល និងបង្កជារលកយក្សស៊ូណាមិ ដូច្នេះហើយទើបពួកគេបាន តម្លើងឧបករណ៍តាមដានសារធាតុពុល ឬគីមី នៅក្នុងករណីភ្នំភ្លើងនេះផ្ទុះឡើង។
គួរបញ្ជាក់ថា កោះ La Palma មានប្រជាជន ៨៦,០០០នាក់ ត្រូវបានគេចាត់ទុកថា ជាតំបន់មានសកម្មភាពភ្នំភ្លើងច្រើនបំផុត នៃតំបន់ដែនកោះ Canary ដែលជាទីប្រជុំកោះអេស្ប៉ាញមួយ នៅតំបន់ឆ្នេរអាហ្រ្វិកភាគពាយ័ព្យ៕