(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីកំពុងតែធ្វើឲ្យប៉ះពាល់ដល់ កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីប្រទេសកូរ៉េខាងជើង ស្របពេលដែលចិនបាន និងកំពុងជួយសម្រេចគោលដៅនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញសារព័ត៌មាន Fox Business លោក ដូណាល់ ត្រាំ បានលើកឡើងថា វានឹងងាយស្រួលដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងជាង ប្រសិនបើសហរដ្ឋអាមេរិក មានទំនាក់ទំនងប្រសើរឡើងជាងមុនជាមួយប្រទេសរុស្ស៊ី។
ជាមួយគ្នានេះ លោក ត្រាំ បានបន្តថា «ចិនកំពុងតែខិតខំជួយពួកយើង ខណៈរុស្ស៊ីកំពុងតែដើរផ្លូវផ្សេងទៀត ហើយបង្កផលប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់យើង»។
គួរបញ្ជាក់ថា ទំនាក់ទំនងអាមេរិក-រុស្ស៊ី បានធ្លាក់ចុះដុនដាប ដោយសារតែរឿងអាស្រូវ ដែលថារុស្ស៊ីបានលូកដៃចូលក្នុងដំណើរការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦, ការកាត់យកតំបន់គ្រីមៀរបស់ទីក្រុងម៉ូស្គូពីអ៊ុយក្រែន, និងការគាំទ្ររបស់រុស្ស៊ីចំពោះរដ្ឋាភិបាលស៊ីរី៕