(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតអបអរសាទរដល់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលត្រូវបានបោះឆ្នោតជ្រើសរើសឲ្យបន្តធ្វើជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) សម្រាប់អាណត្តិទី០២។ ប៉ុន្តែការអបអររបស់ លោក គីម ធ្វើឡើងនៅក្នុងបរិបទ ដែលអ្នកជំនាញមើលឃើញថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងហាក់ដូចជាមានភាពរកាំរកូសនឹងគ្នា ដោយសារតែកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងសម្ពាធពីលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
កាលពីថ្ងៃពុធ គណបក្សកុម្មុយនីស្ដចិន បានបោះឆ្នោតជ្រើសរើសឲ្យលោក ស៊ី បន្តធ្វើជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ហើយព្រមពេលជាមួយគ្នា ប្រធានាធិបតីចិនរូបនេះ បានប្រកាសឲ្យដឹងផងដែរ ពីសមាសភាពថ្នាក់ដឹកនាំថ្មី ០៥រូប ដែលត្រូវបានជ្រើសតាំង ឲ្យមកចូលរួមជាមួយលោក និងនាយករដ្ឋមន្រ្តីចិន លោក លី ខេជាំង (Li Keqiang) នៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ នៃការិយាល័យនយោបាយដ៏មានឥទ្ធិពលបំផុត របស់គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តចិន។
ដោយឡែក ជុំវិញការតែងតាំងនេះដែរ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងនៅក្នុងលិខិតផ្ញើជូន លោក ស៊ី ជិនពីង បានសម្ដែងការជឿជាក់ថា ទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ នឹងអភិវឌ្ឍន៍ឈរលើគោលការណ៍ផលប្រយោជន៍ នៃប្រជាជនរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏បានចូលរួមអបអរសាទរ លោក ស៊ី ជិនពីង ផងដែរ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃពុធ ហើយរូបលោកផ្ទាល់នឹងបំពេញដំណើរទស្សនកិច្ច ជាលើកដំបូងមកកាន់បណ្ដាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី នៅខែវិច្ឆិកាខាងមុខនេះ ដោយក្នុងនោះរួមមានទំាងចិន ខណៈគេរំពឹងថា លោកនឹងប្រើប្រាស់ឱកាសនេះជំរុញឱ្យ លោក ស៊ី ជិនពីង ជួយលោកដោះស្រាយជាមួយកូរ៉េខាងជើង៕