(កៀវ)៖ ហេតុការណ៍ផ្ទុះរថយន្តដ៏កក្រើកមួយ នៅក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន បានផ្តាច់ជីវិតអង្គរក្សម្នាក់ និងបានបណ្តាលឲ្យមនុស្ស ០៣នាក់ ផ្សេងទៀតរួមមានទាំងសមាជិកសភា លោក អ៊ីហ័រ ម៉ូស៊ីយជុក (Ihor Mosiychuk) ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
លោក Mosiychuk ដែលជាអ្នកតំណាងរាស្រ្តមកពីបក្សប្រឆាំង Radical Party ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ ក៏ប៉ុន្តែមិនបានទទួលរបួសធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់លោកឡើយ ខណៈអង្គរក្សរបស់លោក បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះ។ នេះបើតាមការអះអាងពីប្រធានគណបក្ស លោក អូឡេហ៍ លីយ៉ាសកូ (Oleh Lyashko) ដែលបានចាត់ទុកករណីនេះថា ជាការប៉ុនប៉ងធ្វើឃាតទៅលើរូប លោក Ihor Mosiychuck តែម្តង។
គួរជម្រាបថា ជនរងគ្រោះ ០២នាក់ផ្សេងទៀត រួមមានជំនួយការផ្ទាល់របស់លោក និងអ្នកវិភាគនយោបាយដ៏ល្បីម្នាក់ទៀតឈ្មោះ វីតាលី បាឡា (Vitaly Bala) ខណៈពុំទាន់មានការបញ្ជាក់ភ្លាមៗពីក្រុមមន្រ្តីប៉ូលិសជំនាញ អំពីជនសង្ស័យ ឬក៏មូលហេតុពិតប្រាកដនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ៕