(បាងកក)៖ ប្រជាជនថៃបានចាប់ផ្ដើមប្រមូលផ្ដុំគ្នាហើយ ខណៈគ្រួសាររាជវង្ស និងមេដឹកនាំមកពី ៤០ប្រទេស នឹងចូលរួមក្នុងពិធីថ្វាយព្រះភ្លើងរយៈពេល ០៥ថ្ងៃ ដល់ព្រះរាជសពនៃអតីត ព្រះមហាក្សត្រថៃ ព្រះបាទ (Bhumibol Adulyadej) នៅថ្ងៃព្រហស្បតិ៍នេះ។ ព្រះអង្គបានចូលទិវង្គតក្នុងព្រះជន្ម ៨៩វស្សា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប្រជាជនថៃប្រមាណជា ២៥០,០០០នាក់ មកពីទូទាំងប្រទេសត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីបុណ្យតាមបែបសាសនាព្រះពុទ្ធមួយនេះ ដែល នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៦នេះ នៅក្នុងទីក្រុងបាងកក បន្ទាប់ពីការរៀបចំសម្រាប់ពិធីថ្វាយព្រះភ្លើង អស់រយៈពេលមួយឆ្នាំ និងចំណាយប្រាក់អស់ជាង ៩០លានដុល្លារ។ មនុស្ស ជាច្រើនបានរង់ចាំចូលរួមពិធី តាំងតែព្រឹកព្រលឹមថ្ងៃពុធមកម្ល៉េះ បើទោះជាអាកាសធាតុមិនសូវអំណោយក៏ដោយ ពីព្រោះនេះគឺជាលើកចុងក្រោយដែលពួកគេជូនដំណើរ ព្រះមហាក្សត្រ Bhumibol Adulyadej។
គួរបញ្ជាក់ថា ព្រះរាជបុត្រ និងជាព្រះមហាក្សត្រថៃបច្ចុប្បន្ន Maha Vajiralongkorn នឹងជាអ្នកថ្វាយព្រះភ្លើងដល់ព្រះរាជសពទ្រង់ Bhumibol Adulyadej ហើយអដ្ឋិធាតុរបស់ព្រះអង្គ នឹងត្រូវប្រមូល និងនាំត្រឡប់យកមកព្រះរាជវាំងវិញនៅថ្ងៃសុក្រស្អែកនេះ តែពិធីបុណ្យនឹងបន្តពីរថ្ងៃបន្ថែមទៀត៕