(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រឿងដ៏គ្រោះថ្នាក់បំផុត នៃការធ្វើសង្រ្គាមពាក្យសម្តីទៅវិញទៅមកឥតឈប់រវាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះគឺវាអាចនាំឲ្យមានការយល់ច្រឡំ ដែលឈានទៅរកការផ្ទុះសង្រ្គាមពិតប្រាកដបាន៕

២៖ រដ្ឋាភិបាលសហព័ន្ធឥណ្ឌាបានចេញសេចក្តីបង្គាប់ ឲ្យរដ្ឋនានានៅទូទាំងផ្ទៃប្រទេស ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ និងសុវត្ថិភាពដល់ក្រុមអ្នកសារព័ត៌មាន ដែលបំពេញការងារនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ៕

៣៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យបន្តធ្វើជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) សម្រាប់អាណត្តិទី០២ នាថ្ងៃពុធនេះ៕

៤៖ ព្រឹទ្ធសមាជិកជាន់ខ្ពស់អាមេរិកមួយរូប បានប្រៀនប្រដៅប្រធានាធិបតី លោក ដូណាល់ ត្រាំ ថាទុកឲ្យក្រុមមន្រ្តីជំនាញពិតប្រាកដ ជាអ្នករៀបចំដោះស្រាយគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើងវិញទៅ៕

៥៖ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ផ្ដើមធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃ ដោយផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពចាប់សញ្ញា និងស្ទាក់ចាប់ មីស៊ីលផ្លោងរបស់កូរ៉េខាងជើង នៅក្នុងករណីមានការវាយប្រហារជាយថាហេតុណាមួយ៕

៦៖ គណបក្សកុម្មុយនិស្តចិន CPC បានដាក់បញ្ចូលគំនិតផ្តួចផ្តើមមួយរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅក្នុងធម្មនុញ្ញនៃបក្សកាន់អំណាចតែមួយនៅប្រទេសចិននេះ ដែលវាមានចំណងជើងថា «របបសង្គមនិយម តាមបែបអត្តចរិតរបស់ចិន» សម្រាប់ចាប់ផ្តើមសករាជថ្មី នៃការធ្វើទំនើបកម្ម លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕