(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមអបអរសាទរ ដល់សមភាគីចិន លោក ស៊ី ជិនពីង ដែលត្រូវបានបោះឆ្នោតជ្រើសរើសឲ្យបន្តធ្វើជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) សម្រាប់អាណត្តិទី០២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។
នៅថ្ងៃពុធនេះ លោក ស៊ី ជិនពីង ក៏បានប្រកាសឲ្យដឹងផងដែរពីសមាសភាពថ្នាក់ដឹកនាំថ្មី០៥រូប ដែលត្រូវបានជ្រើសតាំងឲ្យមកចូលរួមជាមួយលោក និងនាយករដ្ឋមន្រ្តីចិន លោក Li Keqiang នៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយដ៏មានឥទ្ធិពលបំផុត របស់គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន។ សមាភាពទាំង០៥រូបនេះ ដែលសុទ្ធតែ ជាបុរសរួមមានលោក Li Zhanshu វ័យ៦៧ឆ្នាំ ប្រធានខុទ្ទកាល័យរបស់លោក ស៊ី, លោក Wang Yang វ័យ៦២ឆ្នាំ ឧបនាយករដ្ឋមន្រ្តី, លោក Wang Huning វ័យ៦២ឆ្នាំ ប្រធានទ្រឹស្តីបក្ស, លោក Zhao Leji វ័យ៦០ឆ្នាំ ប្រធានផ្ទាល់ខ្លួនបក្ស, និងលោក Hang Zheng វ័យ៦៣ឆ្នាំ រដ្ឋលេខាធិការបក្សប្រចាំទីក្រុងសៀងហៃ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងបំពេញដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់បណ្ដាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី នៅខែវិច្ឆិកាខាងមុខនេះ ដោយក្នុងនោះ ក៏រួមមានទំាងចិនផងដែរ ខណៈគេរំពឹងថា ប្រធានាធិបតីអាមេរិករូបនេះ នឹងប្រើប្រាស់ឱកាសជំរុញឱ្យលោកស៊ី ជិនពីង ជួយលោកដោះស្រាយជាមួយកូរ៉េខាងជើង៕