(ញូដេលី)៖ រដ្ឋាភិបាលសហព័ន្ធឥណ្ឌាបានចេញសេចក្តីបង្គាប់ ឲ្យរដ្ឋនានានៅទូទាំងផ្ទៃប្រទេស ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ និងសុវត្ថិភាពដល់ក្រុមអ្នកសារព័ត៌មាន ដែលបំពេញការងារនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។
សេចក្តីបង្គាប់ខាងលើ ដែលត្រូវបានដាក់ចេញដោយក្រសួងមហាផ្ទៃនៃប្រទេសឥណ្ឌា បានលើកឡើងថា គ្រប់ករណីទាំងអស់នៃការវាយប្រហារទៅលើក្រុមអ្នកកាសែត គួរតែត្រូវស៊ើបអង្កេតជាបន្ទាន់ភ្លាមៗ ដើម្បីធានាថា ជនល្មើស នឹងត្រូវផ្តន្ទាទោសទៅតាមកាលវេលាកំណត់។ ម៉្យាងវិញទៀត វាគឺជាកាតព្វកិច្ចរបស់រដ្ឋទាំងឡាយ ក្នុងការធានាឲ្យបានសន្តិសុខ និងសុវត្ថិភាព ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា ការចេញសេចក្តីបង្គាប់របស់រដ្ឋាភិបាលសហព័ន្ធនេះ ធ្វើឡើងក្រោយពីមានការស្លាប់អ្នកកាសែតចំនួន ០២នាក់ កាលពីខែកញ្ញាកន្លងទៅ ឈ្មោះ Gauri Lankesh នៅក្នុងទីក្រុង Bengaluru និងឈ្មោះ Shantanu Bhowmick នៅក្នុងទីក្រុង Agartala៕