(តូក្យូ)៖ លោក ស៊ីនហ្សូ អាបេ បច្ចុប្បន្នជានាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ថា LDP។ លោកបានជាប់ឈ្មោះជានាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរជាងគេជាប់ចំណាត់ថ្នាក់ទីបី ក្រោយសម័យសង្គ្រាមជប៉ុន។ បន្ទាប់ពីជោគជ័យក្នុងការបោះឆ្នោត កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីជប៉ុន ដែលកាន់អំណាចរហូតដល់បួនអាណត្តិ។
ខាងក្រោមនេះជា ប្រវត្តិព័ត៌មានសំខាន់ៗ និងមូលហេតុនាំឱ្យប្រធានាធិបតីរូបនេះ កាន់អំណាចបានរហូតដល់ ៤ អាណត្តិ៖
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤(វ័យ៦៣ឆ្នាំ)
* គណបក្ស៖ បក្សប្រជាធិបតេយ្យសេរី (LDP)
* ភរិយា៖ លោកស្រី អាគី ម៉ាតស៊ូហ្សាគី (Akie Matsuzaki) (រៀបការឆ្នាំ១៩៨៧)
* សិក្សានៅ៖ សកលវិទ្យាល័យ Seikei
* ជាសមាជិកសភាដំណាងរាស្ត្រ៖ ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៦
* ជាប្រធានខុទ្ទកាល័យ៖ ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៥ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៦
* ជាប្រធានបក្សប្រជាធិបតេយ្យសេរី៖ ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧ និងកាន់ដំណែងនេះជាថ្មីម្តងទៀត៖ ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ដល់បច្ចុប្បន្ន
* នាយករដ្ឋមន្ត្រីប្រទេសជប៉ុន៖ ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧ (មួយអាណត្តិ)
*មេដឹកនាំបក្សប្រឆាំង៖ ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២
*នាយករដ្ឋមន្ត្រីជប៉ុនជាថ្មីម្តងទៀត៖ ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដល់បច្ចុប្បន្ន (បីអាណត្តិជាប់គ្នា)
១៖ ជីវិតពីកុមារភាព និងការអប់រំ
លោក អាបេ កើតក្នុងទីក្រុង តូក្យូ ក្នុងគ្រួសារដ៏លេចធ្លោផ្នែកនយោបាយមួយ។ គ្រួសាររបស់ អាបេ មានប្រភពពីខេត្ត Yamaguchi មានជីតាឈ្មោះ លោក កាន់ អាបេ និងឪពុកឈ្មោះ លោក ស៊ីនតារ៉ូ អាបេ អ្នកទាំងពីរជាអ្នកនយោបាយដូចគ្នា។ ម្តាយរបស់ លោក អាបេ គឺលោកស្រី យ៉ូកូ គីស៊ី ជាកូនរបស់លោក ណូបូសូគេ គីស៊ី អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦០។
ក្នុងឆ្នាំ១៩៥៥ បក្សសេរីនិយមរបស់លោក ស៊ីជឺរ៉ូ យូស៊ីដា និងបក្សប្រជាធិបតេយ្យរបស់លោក គីស៊ី បានបង្រួបបង្រួមចូលគ្នា ក្លាយជាសម្ព័ន្ធប្រឆាំងពួកឆ្វេងនិយមនិងបង្កើតជាបក្សប្រជាធិបតេយ្យសេរី ហៅកាត់ថា LDP។ អាបេ បានចូលសិក្សានៅសាលាបឋមសិក្សា Seikei អនុវិទ្យាល័យ និងវិទ្យាល័យ Seikei។ បន្ទាប់មក លោក អាបេ បានចូលសិក្សានៅសាលារដ្ឋបាលសាធារណៈ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសកលវិទ្យាល័យ Seikei ក្នុងឆ្នាំ១៩៧៧។
ក្រោយមក លោក អាបេ បានផ្លាស់ទៅសហរដ្ឋអាមេរិក និងសិក្សាផ្នែកគោលយោបាយសាធារណៈ នៅសកលវិទ្យាល័យកាលីហ្វញ៉ាខាងត្បូង រយៈពេលបីឆមាស។ ក្នុងខែមេសា ឆ្នាំ១៩៧៩ លោកបានចាប់ផ្តើមការងារនៅក្រុមហ៊ុន Kobe Steel។ លោកបានចាកចេញពីក្រុមហ៊ុននេះក្នុងឆ្នាំ១៩៨២ និងស្វែងរកតួនាទីក្នុងជួររដ្ឋាភិបាល ក្នុងនោះមានដូចជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស លេខាធិការប្រធានបក្សប្រជាធិបតេយ្យសេរីជាដើម។
២៖ សមាជិកសភាដំណាងរាស្ត្រ (ឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៦)
លោក អាបេ ត្រូវបានបោះឆ្នោតធ្វើជាអភិបាលខេត្ត Yamaguchi ក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីឪពុករបស់លោកបានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ១៩៩១ ដោយទទួលបានសំឡេងគាំទ្រភាគច្រើន ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតនោះ។ ក្នុងឆ្នាំ១៩៩៩ លោកបានក្លាយជា ប្រធានបែងចែកកិច្ចការសង្គម និងជាអនុប្រធានរដ្ឋលេខាធិការដ្ឋានគណរដ្ឋមន្ត្រី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ បន្ទាប់មកលោកត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៃបក្សប្រជាធិបតេយ្យេសេរី។
នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៦ លោក អាបេ ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានបក្ស ប្រជាធិបតេយ្យសេរី។ ដៃគូប្រណាំងប្រជែងដ៏សំខាន់របស់លោក្នុងពេលនោះ គឺលោក សាដាកាហ្ស តានីហ្កាជី និងលោក តារ៉ូ អាសូ ។ លោក យ៉ាសួ ហ្វូកូដា ដំបូងឡើយហាក់នាំមុខគេ ក្នុងការប្រកួតប្រជែងនេះ តែក្រោយមកក៏សម្រេចចិត្ត ដកខ្លួនពីការប្រកួតប្រជែងទៅវិញ។ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីរ៉ូ ម៉ូរី ដំបូងឡើយហាក់មានភាពលំអៀងទាំងទៅលើ លោក អាបេ និងលោក ហ្វូគូដា តែក្រោយមកបានប្រកាសថា ដំណែងនេះបែរជាធ្លាក់ទៅក្នុងដៃលោក អាបេ ទៅវិញ។
៣៖ នាយករដ្ឋមន្ត្រីអាណត្តិទីមួយ (ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧)
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៦ លោក អាបេ ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុន ជាមួយនឹងសំឡេងគាំទ្រ ៣៣៩ ក្នុងចំណោម ៤៧៥កៅអី ក្នុងការបោះឆ្នោតសភាជាន់ទាប និងទទួលបានសំឡេងគាំទ្រខ្ពស់ផងដែរក្នុងសភាជាន់ខ្ពស់។ លោក អាបេ ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីលើកដំបូងក្នុងវ័យ ៥២ឆ្នាំ ដោយជាប់ឈ្នោះជានាយករដ្ឋមន្ត្រីជប៉ុនវ័យក្មេងបំផុត បន្ទាប់ពីលោក ហ្វូមីម៉ារ៉ូ កូណូអ៊ី ដែលកាន់អំណាចក្នុងឆ្នាំ១៩៤១។
៤៖ ការធ្លាក់ប្រជាប្រិយភាព និងការលាលែងពីដំណែងភ្លាមៗ
គណបក្សប្រជាធិបតេយ្យសេរី ដែលជាបក្សកាន់អំណាច បែរបាត់បង់សំឡេងគាំទ្រភាគច្រើន ពីសំណាក់សភាជាន់ខ្ពស់ ដែលនេះជាការធ្លាក់ចុះគួរកត់សម្គាល់ មិនធ្លាប់មានអស់រយៈពេល ៥២ឆ្នាំកន្លងមក។ ក្នុងពេលនោះរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ណូរីហ៊ីកូ អាហ្គាជី ដែលមានពាក់ព័ន្ធនឹងរឿងអាស្រូវផ្នែកមូលនិធិនយោបាយ បានលាលែងពីដំណែង បន្ទាប់ពីការបោះឆ្នោត។
ក្នុងគោលដៅដើម្បីស្តារស្ថានភាពឡើងវិញ លោក អាបេ បានប្រកាសរៀបចំគណរដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧។ យ៉ាងនេះក្តី រដ្ឋមន្ត្រីកសិកម្មថ្មី លោក តាកេហ៊ីកូ អ៊ីនដូ ក៏មានពាក់ព័ន្ធនឹងរឿងអាស្រូវហិរញ្ញវត្ថុដូចគ្នា ទើបសម្រេចចិត្តលាលែងពីដំណែង បន្ទាប់ពីកាន់អំណាចបានរយៈពេលត្រឹម ០៧ថ្ងៃ។ ទីបំផុតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០៧ គឺក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសភាថ្មី លោក អាបេ ប្រកាសពីបំណងលាលែងពីដំណែងនាយករដ្ឋមន្ត្រីក្នុងសន្និសីទមួយ។
នាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ការធ្លាក់ប្រជាប្រិយភាពរបស់លោក គឺនៅពីក្រោយច្បាប់ប្រឆាំងភេរវកម្ម ពាក់ព័ន្ធនឹងការបន្តវត្តមានយោធាជប៉ុន ក្នុងប្រទេស អាហ្វហ្គានីស្ថាន។ ជាមួយគ្នានេះដែរ មន្ត្រីក្នុងបក្សបានលើកឡើងផងដែរថា ការធ្លាក់ប្រជាប្រិយភាពនេះ ក៏ដោយសារតែភាពទន់ខ្សោយផ្នែកសុខាភិបាល។ ទីបំផុត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧ លោក អាបេ បានប្រកាសជាផ្លូវការពីការលាលែងពីដំណែងរបស់លោក ដោយមានលោក យ៉ាសួ ហ្វូគូដា ជានាយករដ្ឋមន្ត្រីបន្ត។
៥៖ នាយករដ្ឋមន្ត្រីអាណត្តិទីពីរ (ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤)
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ គឺរយៈពេលប្រាំឆ្នាំបន្ទាប់ពីការលាលែងពីដំណែង លោក អាបេ បានជាប់ឆ្នោតជាផ្លូវការ ក្លាយជានាយករដ្ឋមន្ត្រីម្តងទៀត ដោយការគាំទ្រពីសភា ជាមួយនឹងសំឡេងគាំទ្រ ៣២៨ ក្នុងចំណោម ៤៨០សម្លេង នៃសភាដំណាងរាស្ត្រ ហេតុនេះលោក អាបេ រួមជាមួយគណៈរដ្ឋមន្ត្រីទីពីររបស់លោក បានចូលស្បថឡើងកាន់ដំណែងនៅប៉ុន្មានថ្ងៃបន្ទាប់។
រដ្ឋាភិបាលថ្មីពោរពេញទៅដោយបុគ្គលសំខាន់ៗ ក្នុងនោះរួមទាំងបុគ្គលសំខាន់ៗរបស់បក្សប្រជាធិបតេយ្យសេរី ដូចជាអតីតនាយករដ្ឋមន្ត្រី Taro Aso ដែលកាន់ដំណែងជាឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Yoshihide Suga កាន់ដំណែងជាប្រធានខុទ្ទកាល័យ និងលោក Akira Amari ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
បន្ទាប់ពីជ័យជម្នះរបស់ លោក អាបេ បានលើកឡើងថា «ជាមួយនឹងភាពខ្លាំងរបស់គណរដ្ឋមន្ត្រីទាំងមូល ខ្ញុំនឹងដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុដ៏សំខាន់ គោលនយោបាយពន្ធដារដែលអាចផ្លាស់ប្តូរបាន និងយុទ្ធសាស្ត្រដើម្បីជម្រុញកំណើនវិនិយោគទុនឯកជន ជាមួយនឹងសសរស្តម្ភនៃគោលនយោបាយទាំងបី នឹងសម្រេចបានជាលទ្ធផល»។
នៅខែកុម្ភៈ ឆ្នាំ២០១៣ លោក អាបេ បានថ្លែងសន្ទុរកថា នៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដោយលោកបានពន្យល់ពីគោលដៅសេដ្ឋកិច្ច និងទំនាក់ទំនងការទូតជាដើមផងដែរ។
៦៖ នាយករដ្ឋមន្ត្រីអាណត្តិទីបី (ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧)
ក្នុងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ លោក អាបេ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាថ្មី ដោយការបោះឆ្នោតគាំទ្រ ពីសំណាក់សភាដំណាងរាស្ត្រ។ ក្នុងអាណត្តិថ្មីនេះលោកមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ដោយដកដំណែងរដ្ឋមន្ត្រីការពារជាតិ លោក Akinori Eto ចេញ ដោយសារមានពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាស់ផ្នែកមូលនិធី ហើយជំនួសវិញដោយ លោក Nakatani។
៧៖ ដំណែងជានាយករដ្ឋមន្ត្រីអាណត្តិទីបួន (ពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន)
ក្នុងព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ នាយករដ្ឋមន្ត្រី អាបេ បានហៅការបោះឆ្នោតនេះថា ជាការបោះឆ្នោតដ៏ឆាប់រហ័សមួយ ខណៈដែលវិបត្តិកូរ៉េខាងជើង កំពុងកា្លយជាប្រធានបទក្តៅមួយ នៅក្នុងសារព័ត៌មាន។ យ៉ាងនេះក្តី គូប្រជែងនយោបាយរបស់លោក អាបេ បាននិយាយថា ការបោះឆ្នោតនេះត្រូវបានរៀបចំឡើង ដើម្បីជាការគេចវេសពីការសាកសួរនៅក្នុងរដ្ឋសភា ពាក់ព័ន្ធនឹងរឿងអាស្រូវដែលគេចោទប្រកាន់ប៉ុណ្ណោះ។
ដូចជាការរំពឹងទុក លោក អាបេ បានរក្សាអាសនៈភាគច្រើននៅក្នុងសភា ដោយគណបក្សរបស់លោក ទទួលបានសំឡេងគាំទ្ររហូតដល់ ពីរភាគបី ក្នុងការបោះឆ្នោត។ ការធ្វើយុទ្ធនាការ និងការបោះឆ្នោត បានរៀបចំឡើងស្របពេលដែលព្យុះទីហ្វុង Lan ដែលជាព្យុះទីហ្វុងដ៏ធំបំផុតសម្រាប់ឆ្នាំ២០១៧នេះ កើតឡើង និងបានបង្កការបំផ្លិចបំផ្លាញជាច្រើន ទៅលើប្រទេសជប៉ុន។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៤៧មក អាណត្តិរបស់នាយករដ្ឋមន្ត្រី អាចមានរយៈពេលបួនឆ្នាំ ឬតិចជាងនេះ។ ដោយឡែកគណរដ្ឋមន្ត្រី នឹងត្រូវលាលែងពីដំណែង បន្ទាប់ពីការបោះឆ្នោតពីសំណាក់សមាជិកសភាដំណាងរាស្ត្រ។ អាណត្តិរបស់ពួកគេមានរយៈពេលបួនឆ្នាំ ឬអាចនឹងត្រូវរំលាយចោលមុនពេលកំណត់។ គ្មានការកំណត់ណាមួយទៅលើចំនួនអាណត្តិ ឬរយៈពេលនៃការកាន់អំណាច របស់នាយករដ្ឋមន្ត្រីជប៉ុនឡើយ។
ជាក់ស្តែងចាប់តាំងពីឆ្នាំ១៩៤៨មក លោក អាបេ ជានាយករដ្ឋមន្ត្រីដំបូងគេ ដែលវិលមកកាន់ដំណែងវិញ បន្ទាប់ពីធ្លាប់លាលែងពីដំណែងរួចមកហើយ ហើយលោកក៏ជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេផងដែរ គឺរហូតដល់ ៤អាណត្តិ។
៨៖ ជីវិតឯកជន
ឪពុករបស់លោក អាបេ មានឈ្មោះថា ស៊ីនតារ៉ូ អាបេ កាន់ដំណែងក្នុងសភាដំណាងរាស្ត្រពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៩១ និងជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៦ ព្រមទាំងជាកូនរបស់លោក កាន អាបេ ដែលកាន់ដំណែងក្នុងសភាពីឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៤៦។ លោក អាបេ បានរៀបការជាមួយស្ត្រីម្នាក់ឈ្មោះ អាគី ម៉ាត ស៊ូហ្សាគី ជាមនុស្សក្នុងវណ្ណៈខ្ពង់ខ្ពស់ម្នាក់។ លោកស្រី ជាកូនស្រីប្រធានក្រុមហ៊ុន Morinaga ដែលផលិតស្ករសូកូឡា។ ស្ត្រីរូបនេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ដោយក្នុងនាមជាបុគ្គលប្រឆាំងដ៏ល្បីល្បាញម្នាក់ ដោយសារការលើកឡើងរបស់ពីទស្សនៈវិស័យដោយចំហ ដែលជាទូទៅមានលក្ខណៈផ្ទុយពីទស្សននៃប្តីលោកស្រីផ្ទាល់។
គូស្វាមីភរិយាទាំងពីរ គ្មានកូននោះទេ ដោយពួកគេទទួលភាពបរាជ័យក្នុងការព្យាបាល តាំងពីមិនទាន់រៀបការមកម្ល៉េះ។ សូមជម្រាបថា លោក អាបេ ជានាយករដ្ឋមន្ត្រីជប៉ុន ដែលកាន់អំណាចយូរជាងគេ និងទទួលបានពានរង្វាន់កិត្តិយសច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រប្រទេសជប៉ុន៕