(វ៉ាស៊ីនតោន)៖ រឿងដ៏គ្រោះថ្នាក់បំផុត នៃការធ្វើសង្រ្គាមពាក្យសម្តីទៅវិញទៅមកឥតឈប់រវាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ គឺវាអាចនាំឲ្យមានការយល់ច្រឡំ ដែលឈានទៅរកការផ្ទុះសង្រ្គាមពិតប្រាកដបាន។ នេះបើតាមអ្នកជំនាញអាមេរិកមួយរូប ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។
ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធជាមួយសង្រ្គាមវោហាស័ព្ទរវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យអាមេរិក New Haven ដែលបានចូលរួមពាក់ព័ន្ធនឹងកម្មវិធីសន្តិសុខជាតិ លោក Howard Stoffer បាននិយាយថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ រាល់ប្រធានាធិបតីអាមេរិក តែងតែមិនខ្វាយខ្វល់ពីពាក្យសម្តីចេញពីមាត់របស់ លោក គីម ជុងអ៊ីល (ឪពុករបស់ លោក គីម ជុងអ៊ុន) និងសូម្បីតែសម្តីរបស់ លោក គីម អ៊ីលស៊ុង (ជីតារបស់គីម ជុងអ៊ុន) ឡើយ។
លោកសាស្រ្តាចារ្យបានបន្តថា នៅកូរ៉េខាងជើងតាំងតែពីដើមមក ពួកគេតែងតែប្រើពាក្យពេចន៍បែបនេះ តែមេដឹកនាំអាមេរិកពីមុនៗមក មិនដែលជ្រលក់មាត់ក្នុងរឿងនេះឡើយ។ ដោយឡែក លោក Stoffer បានបញ្ជាក់ថា «ខ្ញុំគិតថាលោក ដូណាល់ ត្រាំ មានបុគ្គលិកលក្ខណៈខុសប្លែកឆ្ងាយពីប្រធានាធិបតីមុនៗ ដូច្នេះហើយជាលទ្ធផល យើងទទួលបានការផ្លែផ្កាពាក្យសម្តីឌឺដង និងគំរាមកំហែងធ្ងន់ៗ ដាក់គ្នាទៅវិញទៅមកបែបនេះ។
បើតាមលោក Howard Stoffer អ្វីដែលជាបញ្ហានោះគឺថា ទង្វើនេះអាចនាំឲ្យមានការភ័ន្តច្រឡំ ដែលឈានទៅរកការផ្ទុះសង្រ្គាមពិតៗបាន។ លោក Stoffer បានសង្កត់ធ្ងន់ថា វានឹងអាក្រក់បំផុតបើសង្រ្គាមរវាងប្រទេសទាំងពីរ ផ្ទុះឡើងដោយការធ្វេសប្រហែសមែននោះ ពីព្រោះថា បើតាមការវិភាគនៅថ្ងៃដំបូងនៃសង្រ្គាម នឹងមានជនរងគ្រោះរាប់រយក៏ដូចជារាប់ពាន់នាក់។
ជាចុងក្រោយ លោក Stoffer បានគូសបញ្ជាក់ថា ពួកយើងទាំងអស់គ្នាគួរតែធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយកម្តៅនៃការប្រើពាក្យសម្តីគំរាមដាក់គ្នានេះ ហើយសង្ឃឹមថា នៅថ្ងៃណាមួយ នាពេលអនាគតដ៏ខ្លីខាងមុខ ប្រទេសទាំងពីរនឹងអាចអង្គុយចរចាទល់មុខគ្នា ដើម្បីដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង តាមរយៈការទូតដោយសន្តិវិធី៕