(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យបន្តធ្វើជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) សម្រាប់អាណត្តិទី០២ នាថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៧។
នេះជាការតែងតាំងក្នុងជួរបក្សកម្មុយនិស្តចិនតែប៉ុណ្ណោះ សម្រាប់តំណែងប្រធានាធិបតី នឹងធ្វើការបោះឆ្នោតនៅខែមីនា ឆ្នាំ២០១៨ខាងមុនេះ ហើយគេក៏រំពឹងថា លោក ស៊ី នឹងបន្តតំណែងជាប្រធានាធិបតីចិនជាបន្ត។
ជាមួយគ្នាលោក ស៊ី ជិនពីង ក៏បានប្រកាសឲ្យដឹងផងដែរពីសមាសភាពថ្នាក់ដឹកនាំថ្មី ០៥រូប ដែលត្រូវបានជ្រើសតាំងឲ្យមកចូលរួមជាមួយ លោក ស៊ី និងនាយករដ្ឋមន្រ្តីចិន លោក លី ខេជំាង (Li Keqiang) នៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ នៃការិយាល័យនយោបាយដ៏មានឥទ្ធិពលបំផុតរបស់គណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនិស្តចិន។
គួរបញ្ជាក់ថា សមាសភាពទាំង ០៥រូប ខាងលើដែលសុទ្ធតែជាបុរសរួមមាន លោក លី ចានស៊ូ (Li Zhanshu) វ័យ ៦៧ឆ្នាំ ប្រធានខុទ្ទកាល័យរបស់លោក ស៊ី ជិនពីង, លោក វ៉ាង យ៉ាង (Wang Yang) វ័យ ៦២ឆ្នាំ, លោក វ៉ាង ហ៊ូនីង (Wang Huning) វ័យ ៦២ឆ្នាំ ប្រធានទ្រឹស្តីបក្ស, លោក ចាវ ឡេជី (Zhao Leji) វ័យ ៦០ឆ្នាំ ប្រធានកិច្ចការផ្ទាល់ក្នុងបក្ស, និងលោក ហាង ចេង (Hang Zheng) វ័យ ៦៣ឆ្នាំ លេខាបក្សប្រចាំទីក្រុងសៀងហៃ។
ដោយឡែក បុគ្គលទាំង ០៥រូបនេះ នឹងមានវ័យចំណាស់ខ្លាំងពេក សម្រាប់ធ្វើការដឹកនាំ មហាយក្សនៅអាស៊ីនេះឲ្យបានមួយទសវត្សរ៍ ក្រោយពីលោក ស៊ី ជិនពីង បញ្ចប់អាណត្តិទី ០២របស់លោក។ ហេតុនេះហើយ ប្រការនេះកំពុងតែបង្កើនឱកាសដែលថា លោក ស៊ី ប្រហែលជាព្យាយាមនៅបន្តកាន់អំណាច ជាមេដឹកនាំប្រទេសហួសពីឆ្នាំ២០២២៕