(ប៉េកាំង)៖ ស្របពេលសមាជលើកទី ១៩ នៃគណបក្សកុម្មុយនិស្តចិន ដែលបានបើកទ្វារកិច្ចប្រជុំកាលពីសប្តាហ៍មុន នៅឯសាលមហាវិមានប្រជាជន បានបញ្ចប់ទៅក្នុងទីក្រុងប៉េកាំង មហាយក្សនៅអាស៊ីមួយនេះ កំពុងរះត្រដែតឡើងកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។
កាលពីសប្តាហ៍មុន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសពីយុគសម័យថ្មីមួយ ដែលចិនបានក្រោកឈរឡើងប្រកបដោយភាពសម្បូរសប្បាយ និងមានឥទ្ធិពលខ្លាំង ហើយចិននឹងនៅតែបន្តឆ្ពោះទៅរកដំណាក់កាលស្នូល ហើយចូលរួមចំណែកកាន់តែធំធេងដល់មនុស្សជាតិទាំងមូល។
នៅឆ្នាំ២០៥០ ពោលគឺ០២សតវត្សរ៍បន្ទាប់ពីសង្រ្គាម Opium Wars បានបណ្តាលឲ្យប្រទេសនេះ ធ្លាក់ទៅក្នុងសម័យកាលដ៏ឈឺចាប់ និងអាម៉ាស់នោះ ចិនគ្រោងនឹងស្រោចស្រង់រិទ្ធិអំណាចរបស់ខ្លួនឡើងវិញ ហើយឡើងឆ្ពោះទៅកាន់ចុងកំពូលនៃពិភពលោក។
សមិទ្ធិផលដ៏សំខាន់មួយ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលរបស់ចិននោះ គឺចក្ខុវិស័យរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង ដែលមានគោលដៅ ខិតខំកសាងប្រជាជាតិចិន ឲ្យក្លាយជាប្រទេសសង្គមនិយមសម័យទំនើបដ៏អស្ចារ្យមួយ ដែលមានការរីកចម្រើន, រឹងមាំ, សិទ្ធិសេរីភាព, វប្បធម៌ជឿនលឿន, សុខដុមរមនា, និងសម្រស់ស្រស់ស្អាត។
ទោះបីជាវានឹងទាមទារការប្រឹងប្រែងខ្លាំងយ៉ាងណាក្តី គោលដៅនេះត្រូវបានកំណត់យ៉ាងជាក់ច្បាស់ហើយថា ចិនមានផែនការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុត នៅលើពិភពលោក ហើយប្រាក់ចំណូលប្រជាជននឹងមានកម្រិតខ្ពស់ រួមជាមួយប្រព័ន្ធសុខុមាលភាពសង្គម ប្រកបដោយប្រសិទ្ធភាព, រដ្ឋាភិបាលដែលបម្រើ និងឆ្លើយតបតាមតម្រូវការប្រជាជន, នយោបាយស្អាតស្អំ ដែលធានាពីសិទ្ធិសេរីភាពពលរដ្ឋ, និងប្រទេសជាតិដ៏ស្រស់ស្អាតដែលទទួលបានការស្រឡាញ់ពីជនរួមជាតិចិន។
ប្រភពនៃការអភិវឌ្ឍប្រកបដោយភាពជោគជ័យរបស់ចិន គឺរបបសង្គមនិយម។ ប្រទេសចិនទទួលជោគជ័យ មិនមែនដោយសារការចម្លងផ្នត់គំនិតដើម នៃសង្គមនិយមវិទ្យាសាស្រ្តនោះឡើយ ក៏ប៉ុន្តែតាមរយៈការយកវា មកប្រើប្រាស់នៅក្នុងស្ថានភាពជាក់ស្តែងនៃសង្គមចិន។ ចក្ខុវិស័យរបស់លោក ស៊ី ជិនពីង នឹងក្លាយជាមនោគមន៍វិជ្ជាដែលសម្គាល់ឲ្យប្រទេសចិន និងជារបបកុម្មុយនិស្តថ្មី។
គួរបញ្ជាក់ថា គិតត្រឹមកាលពីចុងឆ្នាំ២០១៦ មានប្រទេសចំនួន ១៣ ដែលមានចំនួនប្រជាជនលើសពី ១០០លាននាក់ ដោយប្រទេស ១០ ក្នុងចំណោមនោះ គឺជាប្រទេសកំពុងអភិវឌ្ឍន៍។ ជោគជ័យរបស់ចិន គឺជាភស្តុតាងជាក់ស្តែងមួយ ដែលបង្ហាញថាសង្គមនិយម អាចនឹងរីកចម្រើនទៅមុខបានយ៉ាងខ្លាំងក្លា និងជាផ្លូវសម្រាប់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ដើរតាមដើម្បីឈានទៅសម្រេចបានទំនើបកម្មនៃភាវូបនីយកម្ម។
ចិននាពេលនេះមានសមត្ថភាពខ្លាំងគ្រប់គ្រាន់ ហើយរីករាយជានិច្ចដើម្បីចូលរួមចំណែកផ្តល់ ផលប្រយោជន៍ជូនមនុស្សជាតិទាំងមូល។ ដោយឡែក សណ្តាប់ធ្នាប់ពិភពលោកថ្មី មិនអាចស្ថិតក្រោមការគ្រប់គ្រងកាន់កាប់នៃឥទ្ធិពលរបស់របបមូលធននិយម និងលោកខាងលិចជារៀងរហូតឡើយ ដោយពេលវេលាសម្រាប់ការផ្លាស់ប្តូរ នឹងមកដល់នាពេលអនាគតខាងមុខ៕