(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកជាន់ខ្ពស់អាមេរិកមួយរូប បានប្រៀនប្រដៅប្រធានាធិបតី លោក ដូណាល់ ត្រាំ ថាទុកឲ្យក្រុមមន្រ្តីជំនាញពិតប្រាកដ ជាអ្នករៀបចំដោះស្រាយគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើងវិញទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។
ស្របពេលដែលជម្លោះ រវាងលោកទាំងពីរកាន់តែតានតឹង លោក ប៉ុប ខរឃើ (Bob Corker) ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាអាមេរិកបានថ្លែងថា «បើអ្នកមើលទៅលើទិដ្ឋភាពជាក់ស្តែងថា យើងកំពុងមានបញ្ហាជាមួយកូរ៉េខាងជើង ហើយលោកប្រធានាធិបតី នៅតែបន្តបង្កភាពរាំងស្ទះ ដល់រដ្ឋមន្រ្តីការបរទេសរបស់លោក និងបានបង្ខំឲ្យលោក ធីល្លឺសុន ឃ្លាតឆ្ងាយពីឱកាសនៃការសម្រេចបានការចរចា ផ្នែកការទូតដោយជោគជ័យ ជាមួយនិងចិន ដែលជាកូនសោដ៏សំខាន់ ដើម្បីដោះស្រាយបញ្ហានោះ គឺលោក ដូណាល់ ត្រាំ កំពុងតែនាំយើងទាំងអស់គ្នា ឆ្ពោះទៅរកសង្រ្គាម»។
ការលើកឡើងបែបនេះរបស់ លោក Corker គឺចង់សំដៅទៅលើការអត្ថាធិប្បាយលើ Twitter របស់លោក ត្រាំ ដែលថា ប្រមុខការទូតរបស់លោក កំពុងតែចំណាយពេលឥតប្រយោជន៍ ក្នុងការព្យាយាមស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងជើង ជុំវិញកម្មវីធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នោះ បន្ទាប់ពីលោក ធីល្លឺសុន បានប្រាប់ក្រុមអ្នកកាសែត ក្នុងពេលបំពេញដំណើរទស្សនកិច្ចនៅឯទីក្រុងប៉េកាំងថា សហរដ្ឋអាមេរិក កំពុងស្ទាបស្ទង់មើលថា តើទីក្រុងព្យុងយ៉ាមានចំណាប់អារម្មណ៍ចង់ចរចាគ្នាដែរ ឬក៏អត់ ខណៈចិនត្រូវគេមើលឃើញថា មានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចប្រឹងប្រែងអូសទាញ លោក គីម ជុងអ៊ុន ឲ្យមកអង្គុយតុចរចា ដោយសារតែមហាអំណាចនៅអាស៊ីនេះ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធតែមួយគត់គ្មានពីរ របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។
ជាចុងក្រោយជុំវិញបញ្ហានេះ លោក Bob Corker បាននិយាយថា «ខ្ញុំពិតជាចង់ឲ្យលោក ដូណាល់ ត្រាំ ទុកបញ្ហានេះឲ្យអ្នកជំនាញរិះរកវិធីដោះស្រាយមួយរយៈសិនទៅ ហើយរង់ចាំមើលថា តើពួកយើងអាចធ្វើកិច្ចការអ្វីដែលមានសារៈប្រយោជន៍ដល់ប្រទេសរបស់យើង ក៏ដូចជាតំបន់ឧបទ្វីបកូរ៉េ និងពិភពលោកទាំងមូលបាន ឬយ៉ាងណា»៕