(ប៉េកាំង)៖ គណបក្សកុម្មុយនិស្តចិន CPC បានដាក់បញ្ចូលគំនិតផ្តួចផ្តើមមួយរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅក្នុងធម្មនុញ្ញនៃបក្សកាន់អំណាចតែមួយនៅប្រទេសចិននេះ ដែលវាមានចំណងជើងថា «របបសង្គមនិយម តាមបែបអត្តចរិតរបស់ចិន» សម្រាប់ចាប់ផ្តើមសករាជថ្មី នៃការធ្វើទំនើបកម្ម លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។
ការធ្វើវិសោធនកម្ម ដោយដាក់បញ្ចូលគំនិតថ្មីនៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ចូលទៅក្នុងធម្មនុញ្ញរបស់បក្សនេះ ត្រូវបានសម្រេចនៅក្នុងសមាជជាតិលើកទី ១៩ ដោយក្នុងនោះ លោក ស៊ី ជិនពីង បានធ្វើការត្របាញ់បញ្ចូលគ្នានូវទ្រិស្តីបែប ម៉ាកឡេនីន (Marxism-Leninism), ម៉ៅ សេទុង (Mao Zedong), តេង ហ្សាវពីង (Deng Xiaoping) និងបូកបន្ថែមនូវទស្សនវិស័យដ៏វែងឆ្ងាយ តាមបែបវិទ្យាសាស្ត្រប្រកបដោយការអភិវឌ្ឍផងដែរ។
គួរបញ្ជាក់ផងដែរថា ការធ្វើវិសោធនកម្មនេះ គឺជាការបកស្រាយនូវទ្រិស្តី និងការអនុវត្តន៍ ចំពោះរបបកុម្មុយនិស្តចិន ដោយមាន លោក ស៊ី ជាថ្នាក់ដឹកនាំ ហើយវាគឺជាគំនិតផ្តួចផ្តើមដែលលេចចេញស្រមោល តាំងតែពីសមាជជាតិលើកទី ១៨ មកម្ល៉េះ។ វាជាការបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទនៃរបបសង្គមនិយម តាមបែបបុគ្គលិកលក្ខណៈនៃជាតិសាសន៍ចិន នៅក្នុងសម័យកាលថ្មី ដែលតម្រូវឲ្យមហាយក្សនេះ ធ្វើទំនើបកម្មលើការអភិវឌ្ឍសេដ្ឋកិច្ច និងស្វែងយល់អំពីរបៀបរបបត្រូវដើរ និងឈានទៅរកការអភិវឌ្ឍវាឲ្យបាន៕