Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ខេត្តប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ជូនទៅដល់តុលាការ ក្រោយចាប់ខ្លួនពាក់ព័ន្ធលួចថតរូប និងថតសំឡេងប៉ះពាល់ដល់សិទ្ធិបុគ្គល

25-10-2017 09:52

(ប៉ៃលិន)៖ សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ ត្រូវបាននគរបាលបញ្ជូនទៅកាន់តុលាការហើយ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីរងនូវការចាប់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធពាក្យបណ្ដឹងលួចថតរូប និងថតសំឡេងដែលនាំឲ្យប៉ះពាល់ ដល់សិទ្ធិបុគ្គល។

ស្នងការនគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចរបស់លោក បន្ដបញ្ជូនខ្លួនទៅកាន់តុលាការ ហើយពេលនេះស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការ។

បើតាមលោកឧត្តមសេនីយ៍ ជា ចាន់ឌិន ឈ្មោះ ឈុន សិទ្ធី អាយុ៣៨ឆ្នាំ ដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ត្រូវបានស្មៀន និងសមាជិកក្រុមប្រឹក្សាផ្សេងទៀត ដាក់ពាក្យប្ដឹង ដោយសារតែជននេះនៅពេលប្រជុំម្ដងៗ បានលួចថតរូប និងថតសំឡេងដែលប៉ះពាល់ដល់សិទ្ធិបុគ្គល។

ជាមួយគ្នានេះ ការចាប់ខ្លួនបុគ្គល ឈុន សិទ្ធី ក៏ត្រូវបានធ្វើឡើង បន្ទាប់ពីរូបគេបានបង្ហោះវីដេអូមួយ តាមបណ្ដាញសង្គម Facebook ដែលជាការប្រមាថ និងញុះញង់ឲ្យមានការរើសអើងរហូត ប្រើពាក្យឌឺដងទៅកាន់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលនិយាយថា «មិនបានចង់បានប្រាក់ខែ៥៧ម៉ឺនរៀលនេះទេ នឹងបើទោះបីប្រាក់ខែរហូតដល់៥៧ម៉ឺនដុល្លារ ក៏មិនចង់បាននោះដែរ»។

សូមបញ្ជាក់ថា ការឃាត់ខ្លួននេះ ដោយសារតែជាប់ព័ន្ធនឹងនឹងករណីសង្ស័យ២ករណី រួមាន៖ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទស្តាប់ ឬថតពាក្យសម្តីឯកជន នៅចំណុចសាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ និងញុះញង់ឱ្យមានការរើសអើងក្នុងសង្គម៕