(ប៉េកាំង)៖ សេដ្ឋកិច្ចប្រទេសចិន បានធ្វើការផ្លាស់ប្តូរមួយដ៏ធំ ដែលជាការអភិវឌ្ឍដ៏លឿនក្រោយការធ្វើទំនើបកម្ម ឲ្យទៅជាសេដ្ឋកិច្ចសម័យទំនើបមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។
នៅពេលលើកឡើងអំពីគោលដៅ សម្រាប់រយៈពេល ០៥ឆ្នាំបន្ទាប់ នៅក្នុងសមាជជាតិ នៃគណបក្សកុម្មុយនិស្តចិនលើកទី ១៩ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានលើកឡើងអំពីទស្សនៈវិស័យថ្មី នៃការអភិវឌ្ឍ និងសេដ្ឋកិច្ចដ៏ទំនើបមួយ សម្រាប់សម័យកាលថ្មី។ តើការលើកឡើងបែបនេះ មានអត្ថន័យដូចម្តេចចំពោះប្រទេសចិន និងពិភពលោក?
យោងតាមរបាយការណ៍ នៅក្នុងបទអត្ថាធិប្បាយរបស់ លោក ស៊ី ជិនពីង សេដ្ឋកិច្ចទំនើប គឺសំដៅទៅលើតម្រូវការចំបាច់សម្រាប់ ដំណើរការដ៏រលូននៃការអភិវឌ្ឍសេដ្ឋកិច្ច និងគោលដៅជាយុទ្ធសាស្ត្រ។ វានឹងអាចសម្រេចទៅបាន អាស្រ័យដោយមានការធ្វើកំណែទម្រង់ជាប្រព័ន្ធ របបគំហើញ ប្រព័ន្ធទីផ្សារសង្គមនិយមមួយ និងការចាប់ផ្តើមដំណើរការ។
តម្រូវការសម្រេចសេដ្ឋកិច្ចដ៏ទំនើបមួយ គឺវាច្បាស់ណាស់ថា ត្រូវតែមានការដោះស្រាយឲ្យបាននូវភាពផ្ទុយនៃការអភិវឌ្ឍដោយគ្មានតុល្យភាព និងទស្សនវិស័យ ព្រមទាំងការបំពេញតាមតម្រូវការចាំបាច់របស់ប្រជាជន នៅក្នុងការធ្វើឲ្យជីវិតពួកគេមានភាពប្រសើរឡើង។
កាលពីអតីតកាល ភាពផ្ទុយគ្នារវាងតម្រូវការសម្រាប់បង្កើនល្បឿនអភិវឌ្ឍន៍ និងតម្រូវតាមបែបប្រពៃណីរបស់ប្រជាជន បានធ្វើឲ្យផលិតកម្មសង្គមមានការចុះថយ។ មន្ត្រីជំនាញចិនបានលើកឡើងថា សេដ្ឋកិច្ចដែលអាចបំពេញតាមតម្រូវការចាំបាច់របស់ប្រជាជនបាន នោះគឺត្រូវតែផ្តល់ឲ្យប្រជាជន នូវគុណភាពជីវិតរស់នៅដ៏ប្រសើរជាលំដាប់។
ជារួមគឺសេដ្ឋកិច្ចបែបទំនើបរបស់ចិន គឺវាមានន័យថា ជាការអភិវឌ្ឍសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនចិនទាំងអស់ ហើយវាត្រូវតែដើរទៅតាមអត្តចរិតបែបសង្គមនិយមដ៏ខ្លាំងក្លា។ សេដ្ឋកិច្ចប្រទេសចិនមានការអភិវឌ្ឍខ្លាំង ជាពិសេសលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ ពាណិជ្ជកម្ម និងរបកគំហើញ ដែលពិភពលោកកំពុងតែត្រូវការបំផុត៕