(សេអ៊ូល)៖ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នៅថ្ងៃអង្គារនេះ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃ ដោយផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពចាប់សញ្ញា និងស្ទាក់ចាប់ មីស៊ីលផ្លោងរបស់កូរ៉េខាងជើង នៅក្នុងករណីមានការវាយប្រហារជាយថាហេតុណាមួយ។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។

យោធាកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ័ដូច្នេះថា៖ «សមយុទ្ធយោធាស្ទាក់ចាប់មីស៊ីលមានរយៈពេលពីរថ្ងៃ បានចាប់ផ្ដើមនៅថ្ងៃអង្គារនេះ និងនៅថ្ងៃពុធស្អែក នៅឯឈូង សមុទ្រកូរ៉េខាងត្បូង និងជប៉ុន ហើយវាធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពចាប់សញ្ញាអាវុធនុយក្លេអ៊ែរ និងស្ទាក់ចាប់មីស៊ីលកូរ៉េខាងជើង ក្នុងករណីមានការគំរាមកំហែងណាមួយ»។ ក៏ប៉ុន្តែទន្ទឹមគ្នា តាមរយៈសមយុទ្ធយោធានេះ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ត្រូវបានគេរំពឹងថានឹងផ្ទុះឡើងជាថ្មី ខណៈលោកដូណាល់ ត្រាំ នឹងបំពេញដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី នៅខែវិច្ឆិកា ខាងមុខនេះ។

គួរបញ្ជាក់ថា សមយុទ្ធយោធា រវាងសម្ព័ន្ធមិត្តទាំងបី ធ្វើឡើងក្រោមការចូលរួមពីនាវាពិឃាតអាមេរិក USS Stethem, នាវាពិឃាតបំពាក់មីស៊ីលជប៉ុន JDS Kirishima និងនាវាពិឃាត កូរ៉េខាងត្បូង Sejong។ ការធ្វើសមយុទ្ធយោធារបៀបនេះ អាចនឹងបង្កឱ្យមានភាពតានតឹងជាមួយកូរ៉េខាងជើង ដែលតែងតែចាត់ទុកថាវាជាសកម្មភាពគំរាមកំហែង ក៏ដូចជាការត្រៀម លក្ខណៈឈ្លានពានទីក្រុងព្យុងយ៉ាង ហើយជាទម្លាប់របបដឹកនាំកម្មុយនីស្ដេកោមួយនេះតែងតែធ្វើតេស្ដមីស៊ីលជាការឆ្លើយតប៕