(ប៉េកាំង)៖ គណបក្សកម្មុយនីស្ដចិនបានសម្រេចចិត្តបោះឆ្នោតបញ្ចូលឈ្មោះ និងមនោគមន៍វិជ្ជារបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលនេះបានធ្វើឱ្យ លោកស៊ី ក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត រហូតដល់កំរិតនៃអតីតមេដឹកនាំកំពូល លោក ម៉ៅ សេទុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។

ការបោះឆ្នោតជាឯកច្ឆ័នក្នុងការបញ្ចូល «គំនិតរបស់លោក ស៊ី ជិនពីង» កើតមានឡើងនៅថ្ងៃបញ្ចប់សមាជបក្សកុម្មុយនីស្ដ នៅថ្ងៃអង្គារនេះ ដែលជាជំនួបនយោបាយដ៏ធំបំផុតនៅក្នុងប្រទេសចិន។ លោក ស៊ី ត្រូវបានគេមើលឃើញថា បានពង្រីកអំណាច ក្រោយលោកជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០១២ ជាពិសសេសគឺតាមរយៈយុទ្ធនាការកម្ចាត់មន្ត្រីពុករលួយបានធ្វើឱ្យ លោកមានឥទ្ធិពលកាន់តែខ្លាំងនៅក្នុងបក្ស។ ជាងនេះទៅទៀត ការសម្រេចចិត្តខាងលើដោយបក្សកុម្មុយនីស្ដចិន គឺមានន័យថា រាល់បញ្ហាប្រឈមសម្រាប់លោក ស៊ី នឹងត្រូវបានចាត់ទុកថា ជាបញ្ហាសម្រាប់បក្សទាំងមូល។

គួរបញ្ជាក់ថា ក្រុមមន្ត្រីចិនជាង២,០០០នាក់ បានជួបប្រជុំគ្នា នៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ដើម្បីបោះឆ្នោតអនុម័តលើដំណើរការណ៍បញ្ចូលគំនិតរបស់លោក ស៊ី ជិនពីង តាមបែបសង្គមសម័យទំនើប ទៅក្នុងរដ្ឋធម្មនុញ្ញនៃបក្ស៕