(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយនិងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់រដ្ឋធានីវ៉ាស៊ីនតោន សិង្ហបុរីបានសម្រេចចុះកិច្ចព្រមព្រៀងទិញយន្តហោះ៣៩គ្រឿង ពីក្រុមហ៊ុន Boeing សហរដ្ឋអាមេរិក ក្នុងតម្លៃ ១៣.៨ពាន់លានដុល្លារ៕

២៖ យោធាឥណ្ឌាបានបញ្ជាយន្តហោះដឹកជញ្ជូនមួយគ្រឿង ព្រមទាំងយន្តហោះចម្បាំងចំនួន ១៥គ្រឿងទៀត ឲ្យចុះចតនៅលើផ្លូវ Expressway មួយខ្សែ នៅរដ្ឋ យូតតា ប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេស ក្នុងផ្នែកនៃការតេស្តសាកល្បងប្រើប្រាស់ផ្លូវថ្នល់ សម្រាប់ការចុះចតយន្តហោះក្នុងគ្រាអាសន្ន ប្រកបដោយជោគជ័យ៕

៣៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានលើកឡើងថា ការព្យាយាមទាំងឡាយណា ដែលមានគោលដៅបំផ្លិចបំផ្លាញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺសុទ្ធតែជារឿងឥតប្រយោជន៍ បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីប៉ុន្មានសប្តាហ៍មុន បានបដិសេធមិនបញ្ជាក់ទទួលស្គាល់ ការគោរពរបស់អ៊ីរ៉ង់ ចំពោះកិច្ចព្រមព្រៀងនេះ៕

៤៖ មេបញ្ជាការកងទ័ពអារ៉ាប់-ស៊ីរី បានបង្ហាញដល់ក្រុមអ្នកសារព័ត៌មាន នូវសព្វាវុធជាច្រើនមានប្រភពដ៏គួរឲ្យភ្ញាក់ផ្អើល ដែលពួកគេទើបរឹបអូសបាន ក្រោយការវាយរំដោះយកបានទីក្រុង អាល់ម៉ាយ៉ាឌីន (Al Mayadin) នៃប្រទេសស៊ីរីចេញពីដៃក្រុមសកម្មប្រយុទ្ធ ISIS វិញ៕

៥៖ តារាមួយដួងដ៏សែនឆ្ងាយ ដែលស្រដៀងទៅនឹងព្រះអាទិត្យ ប្រហែលជាបានលេបត្របាក់យកភពរបស់វាផ្ទាល់ ដែលមានទំហំប៉ុនៗផែនដី ដល់ទៅចំនួន ១២ភព ឬក៏ច្រើនជាងនេះ៕

៦៖ មនុស្សយ៉ាងតិច ០៨នាក់ បានបាត់បង់ជីវិត និង ៣៣នាក់ ផ្សេងទៀតបានទទួលរងរបួស នៅក្នុងហេតុការណ៍រថយន្តក្រុង ០២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង នៅលើដងវិថីក្នុងរដ្ឋ ផេណាង (Penang) ភាគខាងជើងប្រទេសម៉ាឡេស៊ី៕