(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ងលោក ហាស្សាន រួហានី (Hassan Rouhani) បានលើកឡើងថា ការព្យាយាមទាំងឡាយណា ដែលមានគោលដៅបំផ្លិចបំផ្លាញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺសុទ្ធតែជារឿងឥតប្រយោជន៍ បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីប៉ុន្មានសប្តាហ៍មុន បានបដិសេធមិនបញ្ជាក់ទទួលស្គាល់ ការគោរពរបស់អ៉ីរ៉ង ចំពោះកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនាពេលថ្មីៗនេះ លោក Rouhani បាននិយាយថា «ជារៀងរាល់ថ្ងៃលោក ត្រាំ តែងអះអាងថា កិច្ចព្រមព្រៀងនេះគឺអាក្រក់បំផុត ប្រចាំប្រវត្តិសាស្រ្តអាមេរិក។ លោក ត្រាំ ចាត់ទុកវាថា គឺជារឿងដ៏អាម៉ាស់សម្រាប់អាមេរិក ក៏ប៉ុន្តែរហូតមកទល់ពេលនេះ លោក ដូណាល់ ត្រាំ ពុំមានសមត្ថភាពធ្វើអ្វីទាំងអស់ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ»។
ម៉្យាងវិញទៀត លោក Hassan Rouhani ក៏ធ្លាប់បាននិយាយការពារកិច្ចព្រមព្រៀងនេះផងដែរថា «មិនថា លោក ត្រាំ ឬនរណាផ្សេងឡើយ សុទ្ធតែពុំអាចប្រែក្រឡាស់កិច្ចព្រមព្រៀងនេះបាន ដោយសារនៅអំឡុងពេលចរចាបង្កើតចេញជាកិច្ចព្រមព្រៀងនេះ ពួកយើងបានឈានដល់ការឯកភាពលើ បញ្ហារួមទាំងផលប្រយោជន៍នានា ដែលពុំអាចកែប្រែវិញបានជាដាច់ខាត ទោះក្នុងករណីណាក៏ដោយ»។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង នាពេលកន្លងមកបានទទួលរងការរិះគន់ ជាច្រើនលើកច្រើនសា ពីសំណាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានបដិសេធមិនព្រមធ្វើការបញ្ជាក់ជាផ្លូវការ ដល់សភាអាមេរិកថា ទីក្រុងតេហេរ៉ង់ពិតជាគោរពតាមកិច្ចព្រមព្រៀង កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។ នាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់បន្ថែមថា ប្រសិនបើកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការកែលម្អកិច្ចព្រមព្រៀងនេះត្រូវបរាជ័យ ទីក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងតែម្តង៕
គួរជម្រាបថា កិច្ចព្រមព្រៀងខាងលើដែលមានឈ្មោះថា JCPOA ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ រវាងអ៉ីរ៉ង និងមហាអំណាច ០៥បូក០១ រួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និងចក្រភពអង់គ្លេស បូកជាមួយនិងអាល្លឺម៉ង់៕