(ញូដេលី)៖ យោធាឥណ្ឌាបានបញ្ជាយន្តហោះដឹកជញ្ជូនមួយគ្រឿង ព្រមទាំងយន្តហោះចម្បាំងចំនួន ១៥គ្រឿងទៀត ឲ្យចុះចតនៅលើផ្លូវ Expressway មួយខ្សែ នៅរដ្ឋ យូតតា ប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេស ក្នុងផ្នែកនៃការតេស្តសាកល្បងប្រើប្រាស់ផ្លូវថ្នល់ សម្រាប់ការចុះចតយន្តហោះក្នុងគ្រាអាសន្ន ប្រកបដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
ក្រុមយន្តហោះរបស់កងទ័ពអាកាសឥណ្ឌា បានចូលរួមធ្វើការហ្វឹកហ្វឺនចុះចត ដែលមានរយៈពេល ០៣ម៉ោងនេះ នៅលើដងមហាវិថី អាក្រា ឡាក់ណាវ (Agra-Lucknow) មានប្រវែង ៣០២គីឡូម៉ែត្រ តភ្ជាប់រវាងទីក្រុងទេសចរណ៍ Agra និងរដ្ឋធានីរបស់រដ្ឋ Uttar Pradesh «Lucknow»។
យន្តហោះដែលចុះចត និងហោះចាកចេញមុនគេនោះ គឺយន្តហោះដឹកជញ្ជូនធុនធំ C-130J Super Hercules មានទម្ងន់ ៣៥,០០០គីឡូក្រាម ដែលអាចដឹកពលទាហានបាន ២០០នាក់។ ក្រោយមកទៀត យន្តហោះចម្បាំងប្រមាណ ១៥គ្រឿង រួមមានធុន Mirage 2000, Jaguar, និង Sukhoi-30 MKI បានធ្វើការចុះចត និងហោះឡើងបណ្តាក់គ្នាជាបន្តបន្ទាប់នៅលើផ្លូវមួយខ្សែនេះ ក្នុងអំឡុងពេលធ្វើសមយុទ្ធ។
គួរបញ្ជាក់ថា នេះពុំមែនជាលើកទីមួយឡើយ ដែលកងទ័ពអាកាសឥណ្ឌា បានធ្វើលំហាត់យោធាបែបនេះ នៅលើដងផ្លូវ។ កាលពីឆ្នាំមុន ឥណ្ឌាក៏ធ្លាប់បានចុះចតយន្តហោះចម្បាំង ០៨គ្រឿងនៅលើផ្លូវ Agra-Lucknow Expressway ផងដែរ ខណៈកាលពីឆ្នាំ២០១៥ យន្តហោះចម្បាំងមួយគ្រឿងទៀត ត្រូវបានបញ្ជាឲ្យចុះចតជាលើកដំបូង នៅលើដងផ្លូវ ម៉ាមូណា (Yamuna) Expressway ដែលតភ្ជាប់ពីរដ្ឋធានីញូដេលី ទៅកាន់តំបន់ Agra។
គួរជម្រាបបន្ថែមទៀតថា កងទ័ពអាកាសឥណ្ឌាមានផែនការ ដើម្បីរៀបចំកំណាត់ផ្លូវធំៗជាច្រើន ទូទាំងប្រទេសសម្រាប់យន្តហោះចម្បាំងចុះចត ក្នុងពេលបន្ទាន់ណាមួយ ដោយពួកវាជារឿយៗត្រូវគេប្រើប្រាស់ សម្រាប់ការចុះចតក្នុងគ្រាអាសន្ន នៅពេលដែលបន្ទាយទ័ពអាកាសស្ថិតក្រោមការវាយប្រហារ ក្នុងអំឡុងពេលមានសង្រ្គាម៕