(ម៉ូស្គូ)៖ អង្គការសហប្រជាជាតិ (UN) បានសម្រេចចិត្តពង្រីកវិសាលភាពនៃការហាមឃាត់ ការនាំចេញទៅកាន់កូរ៉េខាងជើង សម្រាប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់ កាលពីខែកញ្ញាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ គណៈកម្មាធិការ UN ឃ្លាំមើលការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បានដាក់បញ្ចូលបន្ថែមមុខទំនិញថ្មីចំនួន ៣២ ទៅក្នុងបញ្ជី នៃទំនិញជាប់បម្រាម ក្នុងការនាំចេញទៅកាន់កូរ៉េខាងជើង។ របាយការណ៍ដដែល បានឱ្យដឹងដែរថា ក្នុងចំណោមមុខទំនិញថ្មីទាំង ៣២នេះ រួមមានទាំងបរិក្ខា ឬសម្ភារៈដែលមានជាប់ពាក់ព័ន្ធ នឹងបចេ្ចកវិទ្យាអាវុធ និងមួយចំនួនទៀតប្រើប្រាស់ក្នុងវិស័យស៊ីវិល។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខ UN បានអនុម័តជាឯកច្ឆ័នលើដំណោះស្រាយ ដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។ ដំណោះស្រាយលេខ ២៣៧៥ នេះមាន គោលដៅផ្ដោតសំខាន់លើការដាក់កំហិត ការនាំចេញប្រេងទៅកាន់ទីក្រុងព្យុងយ៉ាង ក៏ដូចជាហាមឃាត់ផងដែរ នូវការនំាចូលផលិតផលវាយណភណ្ឌ ពីប្រទេសកុម្មុយនីស្ដមួយនេះ។ ចំណែកឯ ការនំាចូលឧស្ម័នរាវរបស់កូរ៉េខាងជើង ក៏ស្ថិតនៅក្រោមដំណោះស្រាយលេខ ២៣៧៥ ដែលជាទណ្ឌកម្មតឹងរឹងបំផុត នាស.វទី២១នេះ៕