(ដាម៉ាស់)៖ មេបញ្ជាការកងទ័ពអារ៉ាប់-ស៊ីរី បានបង្ហាញដល់ក្រុមអ្នកសារព័ត៌មាន នូវសព្វាវុធជាច្រើនមានប្រភពដ៏គួរឲ្យភ្ញាក់ផ្អើល ដែលពួកគេទើបរឹបអូសបាន ក្រោយការវាយរំដោះយកបានទីក្រុង អាល់ម៉ាយ៉ាឌីន (Al Mayadin) នៃប្រទេសស៊ីរីចេញពីដៃក្រុមសកម្មប្រយុទ្ធ ISIS វិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ត្រី ហាសាន ស៊ូហេល (Hasan Suheil) នៃកងទ័ពស៊ីរីបានឲ្យដឹងថា ឃ្លាំងស្តុកអាវុធដ៏ធំបំផុត ដែលរឹបអូសបានដោយកងប្រដាប់អាវុធស៊ីរី នៅក្នុងទីក្រុង Mayadin ភាគខាងកើតប្រទេសមជ្ឈិមបូព៌ាមួយនេះ មានផ្ទុកនូវសព្វាវុធ និងបរិក្ខាទាក់ទងនឹងយោធាជាច្រើនប្រភេទរបស់អង្គការ NATO មានប្រភពមកពីសហរដ្ឋអាមេរិក បែលហ្សិក និងចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា ទីក្រុង Al Mayandin គឺជាមជ្ឈមណ្ឌលឡូជីស្ទីក ដែលមានប្រព័ន្ធឃ្លាំងស្តុក និងតំឡើងអាវុធរៀបចំយ៉ាងល្អិតល្អន់បំផុត។ បើតាមលោក Suheil បន្ទាប់ពីរំដោះបានទីក្រុងនេះពីវា នឹងត្រូវចំណាយពេលយ៉ាងតិច ០៦ថ្ងៃ ដើម្បីជញ្ជូនជ័យភណ្ឌទាំងអស់នេះចេញពីឃ្លាំង ដែលបន្សល់ទុកដោយក្រុមអ្នកប្រយុទ្ធរបស់ ISIS៕