(អាមេរិក)៖ តារាមួយដួងដ៏សែនឆ្ងាយ ដែលស្រដៀងទៅនឹងព្រះអាទិត្យ ប្រហែលជាបានលេបត្របាក់យកភពរបស់វាផ្ទាល់ ដែលមានទំហំប៉ុនៗផែនដី ដល់ទៅចំនួន ១២ភព ឬក៏ច្រើនជាងនេះ។ នេះបើតាមការដកស្រង់ដោយវែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
ក្រុមអ្នកស្រាវជ្រាវបានដាក់ឈ្មោះឲ្យផ្កាយខាងលើនេះថា «Kronos» ជាឈ្មោះរបស់អាទិទេពមួយអង្គ នៅក្នុងទេវកថាប្រទេសក្រិក ដែលលេបកូនៗរបស់ខ្លួនឯង ដោយសារតែភ័យខ្លាចថា ពួកគេនឹងដណ្តើមរាជ្យ។ តារា Kronos ជាកម្មសិទ្ធិរបស់ប្រព័ន្ធផ្កាយ Binary Star ឬក៏ Double-Star (មានផ្កាយ០២ដួង) មួយ ដែលស្ថិតនៅចម្ងាយ ៣៥០ឆ្នាំពន្លឺពីផែនដី។
គួរបញ្ជាក់ថា តាមរយៈការអង្កេតមើលយ៉ាងហ្មត់ចត់ ក្រុមតារាវិទូបានរកឃើញថា Kronos មានបរិមានសារធាតុរ៉ែក្នុងកម្រិតដ៏ខ្ពស់ខុសពីធម្មតា ដែលទំនងជាមានន័យថា វាធ្លាប់បានលេបត្របាក់យកភពមានម៉ាស់ប្រហាក់ប្រហែលនឹងផែនដីយើងប្រហែលចំនួន ១៥ភព នៅក្នុងជីវិតរបស់វា។
ដោយឡែកផ្កាយទាំង០២ដួង ដែលមានឈ្មោះផ្លូវការ HD 240430 និង HD 240429 អាចមានអាយុកាលប្រមាណ ០៤ពាន់លានឆ្នាំ ហើយពួកវាទំនងជាប្រភេទផ្កាយលឿង G-type ដែលស្រដៀងទៅនឹងព្រះអាទិត្យ តែមានវ័យក្មេងជាង។ ការសិក្សាបានបង្ហាញទៀតថា តារាទាំង ០២ វិលជុំវិញគ្នាជារៀងរាល់ ១០,០០០ឆ្នាំម្តង៕