(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់សេតវិមានបានអះអាងថា រដ្ឋបាលលោក ដូណាល់ ត្រាំ គ្មានគំរោងបញ្ជូនអតីតប្រធានាធិបតីអាមេរិក លោក ជីមមី ខាធើ (Jimmy Carter) ទៅកាន់ប្រទេសកូរ៉េខាងជើងនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
ការថ្លែងខាងលើរបស់មន្ត្រីជាន់ខ្ពស់សេតវិមាន ធ្វើឡើងបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកវ័យ ៩៣ឆ្នាំ លោក Jimmy Carter បានប្រាប់សារព័ត៌មាននៅក្នុងស្រុកថា លោកមានបំណងធ្វើ ដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីព្យាយាមសាកល្បងបន្ធូរបន្ថយភាពតានតឹង នៅលើតំបន់ឧបទ្វីបកូរ៉េបច្ចុប្បន្ន។ មន្តី្ររូបនេះដដែល ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់បន្ថែមដូច្នេះថា « លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តស្វែងរកណោះស្រាយសន្តិភាព សម្រាប់ភាពតានតឹងជាមួយកូរ៉េខាងជើង»។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយកាលពីប៉ុន្មានថ្ងៃមុន លោក Carter បានឱ្យដឹងថា លោកបានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិករបស់ លោក ដូណាល់ ត្រាំ គឺលោក H.R. McMaster ប៉ុន្តែទទួលបានចម្លើយអវិជ្ជមានមកវិញ។ លោក Carter ជាអតីតប្រធានាធិបតីអាមេរិក ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨២ ធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ចំនួនបីដង ហើយត្រូវបានគេជឿជាក់ថា ជាបុគ្គលដែលអាចមានទឹកមាត់ប្រៃ ទៅនិយាយចរចាជាមួយកូរ៉េខាងជើង ក្នុងករណីមានការជួបពិភាក្សាគ្នាកើតឡើងនៅថ្ងៃអនាគត៕