(ម៉ូស្គូ)៖ កូរ៉េខាងជើងជាថ្មីម្ដងទៀតបានថ្កោលទោសយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឱ្យយន្ដហោះនុយក្លេអ៊ែរទម្លាក់គ្រាប់ធុន B-52 ស្ថិតនៅក្នុងស្ថានភាពប្រុងប្រយ័ត្ន ២៤ ម៉ោងលើ ២៤ម៉ោង។ ព្រមពេលជាមួយគ្នា ទីក្រុងព្យុងយ៉ាង ក៏បានហៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជា «មនុស្សទំនើងបាតផ្សារ» និង «ឆ្កួតលីលា»ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
យោងតាមសេចក្ដីរាយការណ៍នៃគេហទំព័រ Defense One កាលពីថ្ងៃអាទិត្យ យន្ដហោះ B-52 អាចនឹងហោះហើរសាជាថ្មី ២៤ម៉ោង លើ ២៤ម៉ោង នៅលើឧបទ្វីបកូរ៉េក្នុងពេលឆាប់ៗនេះ ដើម្បីត្រៀមសេណារីយ៉ូថ្មីមួយទប់ស្កាត់គ្រោះមហន្តរាយជាយកថាហេតុមួយ ដែលបង្កឡើងដោយទីក្រុងព្យុងយ៉ាង ហើយនេះនឹងក្លាយជាសកម្មភាពមិនធ្លាប់មានពីមុនមក គិតចាប់តាំងពីសង្រ្គាមត្រជាក់បិទបញ្ចប់។
ក៏ប៉ុន្តែជុំវិញសេចក្ដីរាយការណ៍ដែរ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងបទវិចារណកថារបស់ខ្លួន បានលើកឡើងយ៉ាងដូច្នេះថា «មនុស្សទំនើង និងឆ្កួតលីលាដូចជា ត្រាំ កំពុងនាំសហរដ្ឋអាមេរិកទៅភាពវិនាស ហើយកងកម្លាំងអាយ៉ងដ៏កំសត់ក៏កំពុងរត់តាមគេ (លោក ត្រាំ) ទៅរកសេចក្ដីស្លាប់ផងដែរ... តែមើលទៅកងកម្លាំងអាយ៉ងកូរ៉េខាងត្បូង ហាក់ដូចជាកំពុងចាក់ រុកឱ្យមនុស្សឆ្កួតម្នាក់នេះ ចុចប៊ូតង់នុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍របស់គេហទំព័រ Defense One ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុននឹងលោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីជាលើកដំបូង ក្នុងនោះរួមមានទាំងកូរ៉េខាងត្បូង ចិន ជប៉ុន និងវៀតណាមនៅខែវិច្ឆិកាខាងមុខនេះ៕