រន្ធត់នៅម៉ាឡេស៊ី! រថយន្តក្រុងដឹកពលករបរទេស «បុកគ្នាបណ្តាលឲ្យស្លាប់ ០៨នាក់ និងរបួស ៣៣នាក់»
24-10-2017 11:05
(គូឡាឡាំពួ)៖ មនុស្សយ៉ាងតិច ០៨នាក់ បានបាត់បង់ជីវិត និង ៣៣នាក់ ផ្សេងទៀតបានទទួលរងរបួស នៅក្នុងហេតុការណ៍រថយន្តក្រុង ០២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង នៅលើដងវិថីក្នុងរដ្ឋ ផេណាង (Penang) ភាគខាងជើងប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
បើតាមការអះអាងពីមន្រ្តីប៉ូលិសម៉ាឡេស៊ីម្នាក់ គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៥៖៣០នាទីព្រឹកថ្ងៃអង្គារនេះ។ រថយន្តក្រុងមួយគ្រឿងដឹកពលករឥណ្ឌូណេស៊ី និងនេប៉ាល់ បានឈប់នៅផ្នែកខាងឆ្វេងនៃដងផ្លូវកើតហេតុ បន្ទាប់ពីកើតមានបញ្ហាគ្រឿងម៉ាស៊ីន ខណៈរថយន្តក្រុងមួយគ្រឿងទៀត ដែលមានទិសដៅស្របគ្នា ជាន់ហ្រ្វាំងពុំទាន់ ក៏បានជ្រុលទៅបុករថយន្តក្រុង ដែលចតចោលពីក្រោយ លាន់សូរដូចរន្ទះ។
គួរបញ្ជាក់ថា រថយន្តក្រុងទាំង ០២គ្រឿង ត្រូវគេរាយការណ៍ថា បានដឹកជញ្ជូនកម្មកររោងចក្ររបស់ក្រុមហ៊ុន Sony និង Plexus ដែលមានទីតាំងអាជីវកម្មនៅក្នុងរដ្ឋ Penang។ ដោយឡែកជនរងគ្រោះ ដែលក្នុងនោះមាន ២៣នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះជាបន្ទាន់។ គេនៅមិនទាន់ដឹងថា តើពលករជនជាតិអ្វីខ្លះដែលបានទទួលរងរបួស និងស្លាប់នោះឡើយ៕