(ឡុងដ៍)៖ បើគេសំឡឹងមើលមកពីអនាគត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែដើរលើផ្លូវខុសហើយក្នុងទំព័រប្រវត្តិសាស្រ្ត តាមរយៈការសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ នេះបើតាមសម្តីរបស់អតីតប្រមុខដឹកនាំអង្គការសហប្រជាជាតិ លោក បាន គីមូន ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
លោក មូន បាននិយាយថា «ខ្ញុំពិតជាមានក្តីកង្វល់ខ្លាំងណាស់ ចំពោះការដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកកំពុងដកខ្លួនចេញពី កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស»។ អតីតអគ្គលេខាធិការ UN រូបនេះបានបន្ថែមថា ចក្ខុវិស័យរបស់លោក ត្រាំ គឺពុំមានការគិតគូរវែងឆ្ងាយផ្នែកនយោបាយ, គ្មានទំនួលខុសត្រូវផ្នែកសេដ្ឋកិច្ច, និងខុសទាំងស្រុងតែម្តង បើតាមផ្នែកវិទ្យសាស្រ្ត ដូច្នេះមានន័យថា លោក ត្រាំ កំពុងតែដើរនៅលើផ្លូវខុសហើយក្នុងទំព័រប្រវត្តិសាស្រ្ត សម្រាប់ពេលអនាគត។
យ៉ាងណាមិញ លោក មូន បានគូសបញ្ជាក់ថា ទោះបីជាលោក ដូណាល់ ត្រាំ សម្រេចចិត្តធ្វើបែបនេះក៏ដោយ លោកនៅតែមានការកោតសរសើរស្ញប់ស្ញែង ចំពោះយុទ្ធនាការសង្គមស៊ីវិលអាមេរិក ដែលនៅតែបន្តមានឆន្ទៈគោរពតាមកិច្ចព្រមព្រៀងបរិស្ថានជាប្រវត្តិសាស្រ្តនេះ។
គួររំលឹកថា លោក ត្រាំ បានប្រកាសកាលពីខែមិថុនា ឆ្នាំ២០១៧ អំពីការចាប់ផ្តើមនីតីវិធីរយៈពេល ០៣ឆ្នាំ ដើម្បីដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដោយប្រទេសចំនួន ១៩៥ កាលពីឆ្នាំ២០១៥នេះ ដោយសម្អាងលើហេតុផលថា វាបានធ្វើឲ្យប្រទេសមហាអំណាចនេះ ជួបប្រទះគុណវិបត្តិផ្នែកសេដ្ឋកិច្ច៕