(វ៉ាស៊ីនតោន)៖ នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី មកកាន់រដ្ឋធានីវ៉ាស៊ីនតោន សិង្ហបុរីបានសម្រេចចុះកិច្ចព្រមព្រៀងទិញយន្តហោះ ៣៩គ្រឿង ពីក្រុមហ៊ុន Boeing សហរដ្ឋអាមេរិក ក្នុងតម្លៃ ១៣.៨ពាន់លានដុល្លារ ដែលប្រការនេះនឹងធ្វើឲ្យមុខមាត់ លោក ដូណាល់ ត្រាំ កាន់តែរីកធំជាងមុនទៀត ក្នុងការធ្វើឲ្យវិស័យពាណិជ្ជកម្មអាមេរិកមានភាពរីកចំរើនជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន លូង (Lee Hsien Loong) ក៏បានឆ្លៀតឱកាសលើកឡើងអំពី ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងចិនផងដែរថា ដោយលោកសង្កត់ធ្ងន់ថា វានឹងផ្ដល់ផលចំណេញនៅក្នុងតំបន់ និងពិភពលោកទំាងមូល។ ការថ្លែងបែបនេះរបស់ លោក Lee ធ្វើឡើងនៅអំឡុងពេលបំពេញដំណើរទស្សនកិច្ច មកកាន់សហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ដូណាល់ ត្រាំ លោក Lee Hsien Loong បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងចិន នឹងចូលរួមចំណែករក្សា សន្តិភាព ស្ថេរភាព និងការរីកចំរើននៅក្នុងតំបន់ ក៏ដូចជាសម្រាប់ប្រទេសទាំងពីរខ្លួនឯងផ្ទាល់... ហើយខ្ញុំក៏សង្ឃឹមដែរថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងរក្សាស្ថេរភាពនៃទំនាក់ទំនងស្ថាបនា ជាមួយទីក្រុងប៉េកាំង តាមរយៈការប្ដេជ្ញាចិត្តទៅវិញទៅមកក្នុងកំរិតខ្ពស់ ដើម្បីកសាងទំនុកចិត្តរវាងគ្នា»។
គួរបញ្ជាក់ថា លោក Lee Hsien Loong បានបំពេញដំណើរទស្សនកិច្ចរយៈពេល ០៦ ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ដោយឡែកនៅក្នុងឱកាសនោះដែរ លោក Lee និង លោក ត្រាំ បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា រវាងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) និងក្រុមហ៊ុន Boeing ក្នុងទិញយន្តហោះ Boeing ៣៩គ្រឿង ក្នុងតម្លៃជាង ១៣.៨ពាន់លានដុល្លារ ហើយមិនតែប៉ុណ្ណោះមេដឹកនាំទំាងពីរ ក៏នឹងពិភាក្សាគ្នាផងដែរស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យការពារជាតិ៕