(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនកំពុងតែរៀបចំដកការជួយជ្រោមជ្រែងផ្នែកយោធា ពីកងអង្គភាពនិងមន្រ្តីយោធាមីយ៉ាន់ម៉ាទាំងឡាយណា មានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាប្រឆាំងនឹងជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ដែលបានបង្កឲ្យមានការភៀសខ្លួនមនុស្សរាប់សែននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
ក្នុងឱកាសប្រកាសអំពីវិធានការក្តៅនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានថ្លែងថា «យើងមានក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រៃលែង ចំពោះព្រឹត្តិការណ៍នាពេលថ្មីៗនេះ នៅឯរដ្ឋរ៉ាឃីន (Rakhine) រួមទាំងអំពើហិង្សាក៏ដូចជាការរំលោភបំពានដ៏អាក្រក់ៗ ដែលជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា និងសហគមន៍ដទៃៗទៀតបានទទួលរង។ វាជារឿងចាំបាច់ខ្លាំងណាស់ ដែលបុគ្គលនិងស្ថាប័ននានា ដែលចូលរួមពាក់ព័ន្ធនឹងអំពើឃោរឃៅទាំងអស់នេះ ត្រូវប្រឈមមុខនឹងលទ្ធផលនៃទង្វើរបស់ពួកគេ»។
គួរបញ្ជាក់ថា មកទល់ពេលនេះ ជនជាតិដើមរ៉ូហ៊ីងយ៉ាជិត ៦០០,០០០នាក់ បានភៀសខ្លួនទៅកាន់បង់ក្លាដែស ចាប់តាំងតែពីអំពើហិង្សាបានផ្ទុះឡើងនៅរដ្ឋ Rakhine កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ៕