(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជប៉ុន លោក Itsunori Onodera បានវាយតម្លៃថា ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង បានឡើងដល់កំរិតមួយគួរឱ្យព្រួយបារម្ភ ដែលជំរុញឱ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចាត់វិធានការចាំបាច់នានាទប់ទល់នឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងកិច្ចប្រជុំនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន រៀបចំឡើងនៅឯប្រទេសហ្វីលីពីននៅថ្ងៃចន្ទនេះ លោក Itsunori Onodera បានគូសបញ្ជាក់ដូច្នេះថា៖ «ការគំរាមកំហែងរបស់កូរ៉េខាងជើង បានឡើងដល់ចំណុចខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក។ ដូច្នេះចង់ឬមិនចង់ យើងត្រូវតែចាត់វិធានការចំាបាច់និងជាក់លាក់ប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង»

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានពាក់មុខយក្សគំរាមវាយប្រហារគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះទីក្រុងព្យុងយ៉ាង បានអះអាងម្ដងហើយ ម្ដងទៀតថា ខ្លួននឹងមិនយកកម្មវិធីនុយក្លេអ៊ែរទៅអង្គុយចរចាជាដាច់ខាតដរាបណា ទីក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់គោលនយោបាយអាក្រក់លើរបបដឹកនាំលោក គីម ជុងអ៊ុន៕