(កាប៊ុល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានបំពេញដំណើរទស្សនកិច្ចមិនប្រកាសជាមុនមកកាន់ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន​ ខណៈកងកម្លាំងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន កំពុងជួបការលំបាកក្នុងការប្រយុទ្ធតស៊ូជាមួយក្រុមឧទ្ទាមតាលីបង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។

យោងតាមក្រសួងការបរទេសអាមេរិក លោក ធីល្លឺសុន បានបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងកាប៊ុល នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាការងារជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត ព្រមទំាងធ្វើបទបង្ហាញពីគោលនយោបាយថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់តំបន់អាស៊ីខាងត្បូង។ បន្ថែមពីលើ នេះ លោក ធីល្លឺសុន ក៏បានគូសបញ្ជាក់ផងដែរពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយរដ្ឋាភិបាលអាហ្វាហ្គានីស្ថាន ស្វែងរកសនិ្តភាព សេ្ថរភាព និងបញ្ចប់សង្រ្គាមរុំារ៉ៃអស់ រយៈពេលរាប់ទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា មុននឹងធ្វើដំណើរមកដល់ទីក្រុងកាប៊ុល លោក រិច ធីល្លឺសុន បានបំពេញដំណើរទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា៕