(តូក្យូ)៖ បន្ទាប់ពីបានទទួលជោគជ័យយ៉ាងធំធេង នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសន្យាយ៉ាងមុតមាំថា នឹងរិះរកដំណោះស្រាយ ដើម្បីទប់ទល់ការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើងឲ្យបាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
កាលពីខែកញ្ញាកន្លងទៅ លោក អាបេ បានប្រកាសពីការរំលាយសភា ហើយអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់ ដើម្បីអាចមានពេលវេលាគ្រប់គ្រាន់ សម្រាប់ដោះស្រាយវិបត្តិជាច្រើន រួមមានទាំងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ដែលកាលពីប៉ុន្មានខែកន្លងទៅនេះ បានផ្លោងមីស៊ីល ០២គ្រាប់ រំលងពីលើដែនអាកាសរបស់ប្រទេសជប៉ុន ដោយឥតញញើតកោតក្រែង។
ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចរបស់លោក ស៊ីនហ្សូ អាបេ នៅតែបន្តរក្សាបានអាសនៈ ០២ភាគ០៣ នៅក្នុងសភាដដែល ហើយប្រការនេះ នឹងបើកផ្លូវសម្រាប់លោក អាបេ ធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញសន្តិភាពនិយមក្រោយសង្រ្គាម របស់ជប៉ុន។
លោកនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ ធ្លាប់បានអំពាវនាវឲ្យមានការទទួលស្គាល់ជាផ្លូវការ ចំពោះកងកម្លាំងប្រដាប់អាវុធជប៉ុន ដែលគេស្គាល់ថាជា «កងកម្លាំងស្វ័យការពារ» ជាចេតនាដ៏ចម្រូងចម្រាសមួយ ដែលលោក អាបេ បានអះអាងថា ជារឿងចាំបាច់ ដើម្បីពង្រឹងវិស័យការពារជាតិជប៉ុន ខណៈក្រុមអ្នករិះគន់បានលើកឡើងថា ជាការបោះជំហានទៅរកការធ្វើវិសោធនកម្មវិស័យយោធា នៅក្នុងប្រទេសឡើងវិញ ដូចកាលពីសម័យសង្រ្គាមលោក។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងតូក្យូ លោក អាបេ បាននិយាយថា ជ័យជម្នះរបស់លោក បានកើតចេញពីការបោះឆ្នោតប្រកបដោយទំនុកចិត្ត ពីសំណាក់ជនរួមជាតិជប៉ុន មកលើរដ្ឋាភិបាលរបស់លោក ហើយដោយឈរលើមូលដ្ឋាននេះ រដ្ឋបាលរបស់លោក ប្តេជ្ញាថានឹងចាត់វិធានការទប់ទល់ខ្លាំងៗ ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ លោក អាបេ បានបន្ថែមថា លោកនឹងធានាឲ្យបានពីសន្តិសុខសុវត្ថិភាព នៃប្រជាពលរដ្ឋជប៉ុន និងថែរក្សាការពារប្រជាជាតិរបស់លោក។
គួរបញ្ជាក់ថា គណបក្សកាន់អំណាច LDP របស់លោក អាបេ ដែលចងសម្ព័ន្ធភាពជាមួយគណបក្ស Komeito ទទួលបានអាសនៈចំនួន ៣១៣កៅអី ក្នុងចំណោមអាសនៈសរុប ៤៦៥ នៅក្នុងសភាជាន់ទាបជប៉ុន ដែលប្រការនេះនឹងផ្តល់សិទ្ធិឲ្យលោក មានឱកាសធ្វើការកែប្រែរដ្ឋធម្មនុញ្ញខាងលើបាន។ ដោយឡែកទោះបីជា ការធ្វើវិសោធនកម្មនេះ អាចឆ្លងផុតសភាទាំងពីរជាន់ថ្នាក់ក៏ដោយ វានៅតែត្រូវការការសម្រេចជាចុងក្រោយ តាមរយៈការបោះឆ្នោតប្រជាមតិមួយដំណាក់កាលទៀត។
គួរបញ្ជាក់ថា ការឈ្នះឆ្នោតលើកនេះរបស់លោក ស៊ីនហ្សូ អាបេ ក៏នឹងជួយឲ្យលោកមានឱកាសកាន់តែច្រើនឡើង ក្នុងការបន្តអាណត្តិទី ០៣ របស់លោក ក្នុងនាមជាប្រធានបក្ស LDP ផងដែរ នៅពេលដែលគណបក្សនេះ ធ្វើការបោះឆ្នោតមេដឹកនាំជាថ្មីម្តងទៀត នៅខែកញ្ញា ឆ្នាំ២០១៨។ នៅក្នុងករណីលោក អាបេ នៅតែត្រូវគេបោះឆ្នោតជ្រើសរើសទៀតនោះ លោក អាបេ នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់អំណាចយូរជាងគេបំផុត គិតចាប់តាំងតែពីឆ្នាំ២០១២មក៕