BREAKING NEWS (Update): ព្យុះទីហ្វុង Lan វាយលុកជប៉ុន «បង្កមនុស្សស្លាប់កើនដល់ ០៤នាក់ និង ១៣០នាក់ រងរបួស»
23-10-2017 15:45
(តូក្យូ)៖ អាជ្ញាធរជប៉ុនបានឱ្យដឹងថា ចំនួនអ្នកសា្លប់ដោយខ្យល់ព្យុះទីហ្វុង Lan បានកើនឡើងដល់ ០៤នាក់ ខណៈមនុស្សម្នាក់បានបាត់ខ្លួន និង១៣០នាក់ ផ្សេងទៀតរងរបួស ហើយព្យុះទីហ្វុងមួយនេះក៏ត្រូវបានគេរាយការណ៍ដែរថា បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ដែនទឹក ភាគខាងកើតប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទូរទស្សន៍ជប៉ុន NHK នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Lan បានធ្លាក់ចុះឥទ្ធិពល ដោយបក់បោកក្នុងល្បឿនខ្យល់ ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅរសៀលថ្ងៃចន្ទនេះ។ តែទោះជាយ៉ាងណា ក្រុមអាជ្ញាធរនៅតែព្រមានប្រជាជនរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ស្របពេលភ្លៀងនៅតែបន្តធ្លាក់ដែលបង្កទៅជាគ្រោះទឹកជំនន់ ឬរអិលបាក់ដីជាដើម។
គួរបញ្ជាក់ថា ដោយសារតែខ្យល់ព្យុះទីហ្វុង Lan ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានលុបចោលជើងហោះហើរ ៣៧០ជើង នៅថ្ងៃចន្ទនេះ ចំណែកឯអ្នកដំណើរច្រើនជាង ៤៣,០០០នាក់ បានទទួលរងផលប៉ះពាល់ ពីការលុបចោលទាំងនេះ៕