(ប៉េកាំង)៖ ខណៈការរុះរើក្បាលម៉ាស៊ីនថ្នាក់ដឹកនាំចិន ០៥ឆ្នាំម្ដង កំពុងធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងពង្រឹងអំណាចនៅក្នុងគណបក្សកុម្មុយនីស្ដចិន តាមរយៈគោលនយោបាយប្រឆាំង នឹងអំពើពុករលួយរបស់លោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកជំនាញ លោក ជិន តាវយីន (Chen Daoyin) ការឡើងកាន់អំណាចនៅអាណត្តិដំបូងរបស់ លោក ស៊ី ជិនពីង បានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីបុគ្គលពីររូប ដែលជាអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន។ ក៏ប៉ុន្តែនៅក្នុងសមាជបក្សទី ១៩ កំពុងបន្ត គេសង្កេតឃើញថា វាគឺជាការចាប់ផ្ដើមថ្មីមួយសម្រាប់ លោក ស៊ី នៅក្នុងបរិបទដែលលោកត្រូវបានគេរំពឹងថា នឹងកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទី២ (០៥ឆ្នាំបន្ថែមទៀត) ជាមួយសម្ព័ន្ធមិត្ត និងអ្នកគាំទ្រដ៏គួរឱ្យទុកចិត្ត ចាប់តាំងពីលោកបានកា្លយជាអគ្គលេខាធិការបក្សកុម្មុយនីស្ដ អស់រយៈពេល ០៥ឆ្នាំមកនេះ។
លោក Chen បានសង្កត់ធ្ងន់ ដែលត្រូវបានដកស្រង់ដោយ សារព័ត៌មាន South China Morning Post យ៉ាងដូច្នេះថា «សមាជបក្សនៅលើកនេះ គឺជាការចាប់ផ្ដើមមួយនៃសករាជថ្មីរបស់លោក ស៊ី ជិនពីង... ត្បិតលោកគឺជាមនុស្សម្នាក់ តែងលើកកម្ពស់អ្នកស្មោះត្រង់ ដែលអាចបំពេញ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយ និងរបៀបវារៈរបស់លោក ចំពោះតំណែងថ្នាក់ដឹកនាំកណ្ដាល»។
គួរបញ្ជាក់ថា នៅក្នុងបញ្ជីឈ្មោះបេក្ខជនសម្រាប់តំណែង នៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ គេឃើញមាន លោក វ៉ាង យ៉ាង (Wang Yang) ត្រូវបានគេរំពឹងថា នឹងក្លាយជានាយករង ប្រតិបត្តិទី ០១ ហើយ លោក ហាន ហ្សេង (Han Zheng) ទំនងជាត្រូវតែងតាំងជា ប្រធានសន្និសីទប្រឹក្សាយោបល់ប្រជាជនចិន។ ចំណែកឯ ការតែងតាំងអ្នកទាំងពីរអាចនឹងត្រូវប្រកាសនៅថ្ងៃពុធ សប្ដាហ៍នេះ៕