(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានសាទរចំពោះជោគជ័យរនៃប្រទេសហ្វីលីពីន នៅក្នុងសមរភូមិប្រយុទ្ធជាមួយនិងក្រុមឧទ្ទាមបណ្តាញ ISIS ស្របពេលដែលលោកបានចាប់ផ្តើម ដំណើរបំពេញទស្សនកិច្ចនៅអាស៊ី ក្រោមគោលបំណងធានាអះអាង ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តទាំងឡាយ នៅក្នុងតំបន់នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងពេលធ្វើដំណើរមកកាន់ហ្វីលីពីន លោក James Mattis បាននិយាយថា «រឿងដំបូងដែលខ្ញុំនឹងធ្វើ នៅពេលដែលខ្ញុំទៅដល់ទីនោះ គឺថ្លែងសាទរដល់កម្លាំងយោធាហ្វីលីពីន សម្រាប់កិច្ចប្រឹងប្រែងរំដោះទីក្រុងម៉ារ៉ាវី (Marawi) ចេញពីកណ្តាប់ដៃក្រុមភេរវករ។ ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថា វាគឺជាសមរភូមិដ៏លំបាកមួយនៅលើកោះ មីនដាណាវ (Mindanao) ភាគខាងត្បូង ហើយខ្ញុំយល់ថា កងទ័ពហ្វីលីពីនបានផ្ញើសារដ៏ខ្លាំង និងច្បាស់ៗមួយទៅកាន់ពួកភេរវករ»។
ព្រមពេលជាមួយគ្នានាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីនបានប្រកាសបញ្ចប់ការវាយប្រយុទ្ធគ្នា នៅក្នុងទីក្រុង Marawi ខណៈសាកសពក្រុមសកម្មប្រយុទ្ធប្រមាណ ៤០នាក់ ត្រូវបានកងទ័ពប្រទះឃើញនៅទីនោះ។ ការប្រកាសនេះទៀតសោត ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសពីការវាយរំដោះយកបានទីក្រុងភាគខាងត្បូងនេះ ពីដៃក្រុមបណ្តាញ ISIS កាលពីសប្តាហ៍មុន ពោលគឺនៅមុនថ្ងៃក្រោយពីមេដឹកនាំក្រុមឧទ្ទាម ដ៏ធំបំផុតនៅហ្វីលីពីន ឈ្មោះ អ៊ីសនីឡូ ហាភីឡូន (Isnilon Hapilon) ត្រូវបានបាញ់សម្លាប់នៅទីនោះ។
គួរបញ្ជាក់ថា ទីក្រុង Marawi ត្រូវបានក្រុមសកម្មប្រយុទ្ធចូលលុកលុយកាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៧ ដោយគិតមកទល់ពេលនេះ គឺវាបានអូសបន្លាយអស់រយៈពេលប្រហែលជា ០៥ខែ ហើយបានបណ្តាលឲ្យមនុស្សស្លាប់លើសពី ១,០០០នាក់ ដែលភាគច្រើនជាពួកឧទ្ទាម, ជាង ៤០០,០០០នាក់ ត្រូវភៀសខ្លួន, និងតំបន់ជាច្រើននៃទីក្រុងស្ថិតក្នុងសភាពខូចខាតហិនហោច៕