(អាមេរិក)៖ ភពសុក្រ (Venus) និងភពផែនដី (Earth) ត្រូវបានគេស្គាល់ថា គឺជាភពដែលមានបាតុភូតម៉្យាងហៅថា Magnetotail ឬកន្ទុយម៉ាញេទិច ក៏ប៉ុន្តែកន្ទុយមើលពុំឃើញនេះ ដែលទើបត្រូវបានគេរកឃើញ នៅលើភពអង្គារ (Mars) នោះ គឺមានលក្ខណៈខុសស្រឡះពីគេ ហើយក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា វាអាចមានឥទ្ធិពលដ៏ចម្លែកលើភពក្រហមនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Daily Star នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
ទីភ្នាក់ងារអវកាសអាមេរិកបានឲ្យដឹងថា ពួកគេបានរកឃើញថា កន្ទុយម៉ាញេទិចរបស់ភពព្រះអង្គារ គឺមានលក្ខណៈខុសប្លែកពីគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ វាមិនដូចទៅនឹងកន្ទុយម៉ាញេទិចមាននៅភពសុក្រ ជាភពដែលពុំមានដែនម៉ាញេទិចផ្ទាល់ខ្លួន ឬក៏ដូចនឹងភពផែនដី ដែលហ៊ុមព័ទ្ធជុំវិញដោយដែនម៉ាញេទិច បង្កើតឡើងដោយខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ វាមានលក្ខណៈកូនកាត់ (Hybrid) រវាងកន្ទុយម៉ាញេទិចនៃភពទាំង ០២នេះ។
បើតាមក្រុមអ្នកជំនាញ បាតុភូតនេះ ប្រហែលជាបានធ្វើឲ្យបរិយាកាសមួយចំនួនរបស់ Mars ខ្ទាតចេញទៅកាន់លំហអវកាស។ គួរបញ្ជាក់ថា យានអវកាស MAVEN របស់ NASA កំពុងតែធ្វើការសិក្សាស្រាវជ្រាវនៅជុំវិញភពអង្គារ ដើម្បីជួយអ្នកវិទ្យាសាស្រ្ត ស្វែងយល់បានកាន់តែច្បាស់ថា តើហេតុអ្វីបានជាភព ដែលគេជឿជាក់ថា ធ្លាប់មានលក្ខណៈស្រដៀងនឹងផែនដីមួយនេះ បាត់បង់បរិយាកាស និងធនធានទឹករបស់វា៕