(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីននៅថ្ងៃចន្ទនេះ បានប្រកាសបញ្ចប់ការវាយប្រយុទ្ធគ្នានៅក្នុងទីក្រុង ម៉ារ៉ាវី (Marawi) នៃភាគខាងត្បូងប្រទេសហ្វីលីពីនហើយ ខណៈសាកសពមនុស្ស ៤០នាក់ ដែលជាក្រុមសកម្មប្រយុទ្ធ ត្រូវបានកងទ័ពប្រទះឃើញ ដែលពួកគេអាចជាអ្នកតស៊ូប្រយុទ្ធ រហូតដល់តំណាក់កាលចុងក្រោយ នៅទីក្រុងដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រង នៃបណ្តាញក្រុម ISIS មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានលើកឡើងយ៉ាងខ្លីដូច្នេះថា «គ្មានពួកសកម្មប្រយុទ្ធណាម្នាក់ នៅក្នុងទីក្រុង Marawi ទៀតនោះទេ»។ ជាងនេះទៅទៀត លោកក៏បានសង្កត់ធ្ងន់ដែរថា កងទ័ពហ្វីលីពីន បានរកឃើញបណ្តុំសាកសពមនុស្ស ៤០នាក់ ដែលគេសង្ស័យថា ជាពួកសកម្មប្រយុទ្ធ នៅក្នុងអគារពីរទីតាំង និងឯវិហារអ៊ីស្លាមមួយកន្លែង ក្នុងតំបន់ធ្លាប់ជាសមរភូមិប្រយុទ្ធគ្នា។
គួរបញ្ជាក់ថា ការប្រកាសនៅដើមសប្តាហ៍ថ្មី អំពីជោគជ័យនៃសង្គ្រាម របស់រដ្ឋបាលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី មេដឹកនាំក្រុមឧទ្ទាមធំបំផុត នៅភាគខាងត្បូងប្រទេសហ្វីលីពីន អាប៊ូសាយយ៉ាហ្វ ត្រូវបានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក FBI បញ្ជាក់ក្រោយការតាមដានយ៉ាងល្អិតល្អន់ថា ពិតជាបានស្លាប់ប្រាកដមែន នៅមុនប៉ុន្មានថ្ងៃនៃការរំដោះទីក្រុង ម៉ារ៉ាវី (Marawi) កាលពីដើមសប្តាហ៍នេះ។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ដែលហ្វីន ឡរ៉េនហ្សាណា (Delfin Lorenzana) បានបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំអាប៊ូសាយយ៉ាហ្វ គឺលោក អ៊ីសនីឡូន ហាភីឡូន (Isnilon Hapilon) ពិតជាបានស្លាប់ប្រាកដមែន។ បុគ្គលរូបនេះ គឺជាអ្នកដឹកនាំក្រុមភេរវករនៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែលមានទំនោរគាំទ្រក្រុម ISIS ដែលជាបណ្តាញភេរវករធំបំផុតនៅលើពិភពលោក»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិហ្វីលីពីន បានអះអាងបន្ថែមទៀតថា «យើងបានទទួលរបាយការណ៍ផ្លូវការ ពីទីភ្នាក់ងារ FBI របស់អាមេរិក ដោយយោងលើគំរូ DNA ដែលត្រូវបានយកពីខ្លួនជនសង្ស័យ ដែលត្រូវបានសម្លាប់នៅ Marawi នោះ សាកសពពិតជាសាកសពរបស់ Hapilon មេដឹកនាំអាប៊ូសាយយ៉ាហ្វ ពិតប្រាកដ»៕