(ហាណូយ)៖ អាកាសយានដ្ឋាន វ៉ាន់ដុន (Van Don) ស្ថិតនៅក្នុងខេត្ត ក្វាងនិញ (Quang Ninh) ភាគខាងជើងប្រទេសវៀតណាម ដែលអាចបម្រើសេវាកម្មជើងហោះហើរអន្តរជាតិ គ្រោងនឹងធ្វើប្រតិបត្តិការនៅ ខែមេសា ឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អាកាសយានដ្ឋាន Van Don នៃស្រុក Van Don ដែលត្រូវចំណាយអស់ប្រាក់ជាង ៣២៧លានដុល្លារក្នុងការស្ថាបនា នឹងមាន សមត្ថភាពបម្រើអ្នកដំណើរ ០២លាននាក់ និងដឹកទំនិញ ១០,០០០តោន ក្នុងមួយឆ្នាំៗ។ ជាងនេះទៅទៀត អាកាសយានដ្ឋានមួយនេះ ក៏ត្រូវបានរចនាឡើង មានមុខងារជាអាកាសយានដ្ឋាននៅ ក្នុងស្រុកមានសមត្ថភាពប្រើសេវាកម្មហោះហើរអន្តរជាតិផងដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាម បានសម្រេចចិត្តបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនបី ក្នុងនោះមានដូចជា តំបន់សេដ្ឋកិច្ចពិសេស Van Don នៃខេត្ត Quang Ninh, បាក់ វ៉ាន់ ផុង (Bac Van Phong) ស្ថិតនៅភាគកណ្ដាលខេត្ត កាញ់ហាវ (Khanh Hoa) និង ភូកុក (Phu Quoc) នៃភាគខាងត្បូងខេត្ត កៀនកាង (Kien Giang)។ ប៉ុន្តែគេសង្កេតឃើញថា ខេត្ត Quang Ninh បានទាក់ទាញការវិនិយោគជាង ១.៦ពាន់លានដុល្លារ សម្រាប់គំរោងសាងសង់ផ្លូវជាតិ ស្ពានទៅកាន់ស្រុក Van Dong និងតំបន់ទេសចរណ៍ដូចជារីសត កាស៊ីណូ រួមទាំងតំបន់វាយកូនហ្គោល ដែលកំពុងស្ថិតនៅក្រោមការសាងសង់៕