(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហភាពអឺរ៉ុបនឹងគាំទ្រទណ្ឌកម្មអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ បើសិនជាលោកទទូចចង់បាន។ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ត្រាំ នឹងអនុញ្ញាតឱ្យអាល្លឺម៉ង់ និងបារាំងរកស៊ីជាមួយអ៊ីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោនមានសមត្ថភាព ដាក់សម្ពាធ ឬទណ្ឌកម្មលើទីក្រុងតេហេរ៉ង់តែម្នាក់ឯង ដោយមិនចាំបាច់មានជំនួយ ពីសហភាពអឺរ៉ុបឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News កាលពីចុងសប្ដាហ៍កន្លងទៅ។ ថ្លែងនាឱកាសនោះដែរ ឆ្លើយតបនឹងសំណួរថា តើសហភាពអឺរ៉ុប គាំទ្រយុទ្ធសាស្ត្រថ្មីរបស់លោក ឬក៏អត់នោះ? ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានទំនាក់ទំនងល្អជាមួយមេដឹកនាំអាល្លឺម៉ង់ និងបារាំង... ពួកគាត់គឺជាមិត្តដ៏អស្ចារ្យរបស់ខ្ញុំ ហើយខ្ញុំពិតជាត្រូវរ៉ូវគ្នាណាស់ជាមួយពួកគាត់ មិនថាលោក ម៉ាក្រុង ឬលោកស្រី មឺគែល នោះទេ... ខ្ញុំពិតជាចូលចិត្តពួកគាត់ណាស់»។
ដោយឡែកនៅពេលត្រូវបានសាកសួរពាក់ព័ន្ធនឹងអ៊ីរ៉ង់ លោកបានបន្ថែមថា «ខ្ញុំបានប្រាប់ពួកគេ (សហភាពអឺរ៉ុប) គ្រាន់តែបន្តត្រូវរកលុយជាមួយអ៊ីរ៉ង់ចុះ ហើយកុំបារម្ភពីវា ព្រោះយើងមិនត្រូវការជំនួយពីអ្នកលើរឿងនេះទេ»។ តែទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់ដែរថា បើសិនជាលោកទទូចចង់បាន នោះសហភាពអឺរ៉ុបនឹងគាំទ្ររូបលោក ក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់។
គួររំលឹកថា កាលពីពាក់កណ្ដាលខែតុលា លោក ដូណាល់ ត្រាំ បានប្រកាសថា លោកមិនចង់បញ្ជាក់ថាអ៊ីរ៉ង់បានអនុវត្តន៍ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើយ ហើយលោកថែមទាំង អះអាងដែរថា សភាអាមេរិកមានរយៈពេល ៦០ថ្ងៃ ដើម្បីពិចារណាថា តើសហរដ្ឋអាមេរិក គួរបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ ឬក៏យ៉ាងណានោះដែរ៕